ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខកូនក្មួយកម្មករជាងមួយម៉ឺននាក់មកពីរោងចក្រតំបន់ជ្រៃកោង ក្នុងខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏មានប្រជាប្រីយ៍របស់កម្ពុជា បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយបងប្អូនកូនក្មួយកម្មករ កម្មការនី ១៥,៧៦៣ នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ មកពីរោងចក្រតំបន់ ជ្រៃកោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គោលបំណងសំខាន់របស់ សម្តេចតេជោ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកម្មករដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាសំខាន់ៗចាំបាច់ និងបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនកម្មករអោយកាន់តែល្អប្រសើរឡើង។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួប សំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការនី នាពេលនេះ។ សម្តេចតេជោ បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយកម្មករកម្មការនីបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រាសាសន៍ថា ក្នុងរយៈពេល ៨០ថ្ងៃ ចាប់ពីដើមឆ្នាំ២០១៨ មក មានកម្មករនីសម្រាលកូនប្រមាណជាង ១១,៥៣៩នាក់ រួចហើយ ក្នុងនោះរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណជាង ១លានដុល្លារ សម្រាប់កម្មការនីឆ្លងទន្លេនោះ នឹងកំពុងបន្តមានជាបន្តបន្ទាប់ទៀតផង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ជីដូនជីតា ក្មួយៗកម្មករកម្មការនី ដែលកន្លងមកតែងតែគាំទ្រ ចំពោះការដឹកនាំរបស់ សម្តេច ដែលធ្វើឲ្យប្រទេសក្រីក្រមួយនេះក្លាយមកជាប្រទេសដែលមានប្រាក់ចំណូមធ្យមកំរិតទាបនាពេលបច្ចុប្បន្ន។ សម្តេចតេជោនឹងនៅបន្តរួមដំណើរជាមួយបងប្អូនកូនក្មួយកម្មករកម្មការនី និងបងប្អូនប្រជាពលរដ្ឋកម្ពុជាមិនតិចជាង១០ឆ្នាំទៀត ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកម្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ៩ចំណុចដើម្បីអោយក្រសួងពាក់ពន្ធ័នានាអនុវត្តន៍អោយមានប្រសិទ្ធភាព:-

១) ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២) ត្រូវអនុវត្ត ចុះពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ កម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តន៍ដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានហ្មត់ចត់។

៣)ត្រូវអនុវត្ត ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ)ក្រសួងពាក់ព័ន្ធនានា ត្រូវតាមដានការងារអោយបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ។

៤.ត្រូវអនុវត្តន៍ ចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកថែមប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

៥)ត្រូវអនុវត្ត ចំពោះរបបសន្តិសុខសង្គម ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួសអោយ ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់អោយបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងបានកំណត់រួចរាល់ហើយ។

៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយ ដើម្បីអោយដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩ នូវគម្រោងរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

៩) ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗអោយបានដិតដល់ និងចូលរួមដោះស្រាយបញ្ហា ប្រឈមនានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្របិទរត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ខែជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ ក្រសួងពាក់ព័ន្ឋ ត្រូវជួយរកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និង និយោជកទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៥០៦ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញពីការអាណិតស្រឡាញ់និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្ររបស់សម្តេចតចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖