ខេត្តកំពង់ឆ្នាំង៖ ឪពុកម្តាយបានត្រឹមតែអង្គុយយំសោក ក្បែរសពកូនប្រុស ដោយក្តីស្រណោះអាឡោះអាល័យ បន្ទាប់ពីបាត់កូនប្រុសខ្លួន បានលង់ទឹកស្លាប់ ក្នុងពេលដែលពួកគាត់នាំគ្នាមករកត្រីនៅក្នុងស្ទឹងជ្រៃបាក់ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងស្ទឹងជ្រៃបាក់ ស្ថិតនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នគរបាលរដ្ឋបាលប៉ុស្តិ៍ជ្រៃបាក់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៃ ហុង អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិទឹកចេញឃុំជើងគ្រាវស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។
មន្រ្តីនគរបាលប៉ុស្តិរូបនោះបានប្រាប់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ អ្នកស្រុកនៅក្នុងបួនប្រាំនាក់នាំគ្នាជិះរ៉ឺម៉កម៉ូតូ១គ្រឿងដើម្បី មករកត្រីនៅក្នុងស្ទឹងជ្រៃបាក់ដោយបង់សំណាញ់ និងអូសមង ពេលឃើញគេមក ក្មេងប្រុសរងគ្រោះបានរត់តាមឡើងរឺម៉កជាមួយនិងអ្នកស្រុកដែរ ។ ពេលមដល់ស្ទឹងអ្នកស្រុកបាននាំគ្នាចុះបង់សំណាញ់ និង អូសមងរៀងៗខ្លួន ដោយមិនបានគិតពីក្មេងប្រុសនោះឡើយ ពេលរកបានត្រីខ្លះហើយនោះ អ្នកស្រុកនាំគ្នារៀបចំត្រឡប់មកផ្ទះវិញ រួចក៏បាត់ក្មេងប្រុសរងគ្រោះនាំគ្នាដើររកលើគោកក៏មិនឃើញទៀត មានការសង្ស័យក៏នាំគ្នាចុះរាវមើលក្នុងទឹកស្ទឹង ក៏ប្រទះឃើញក្មេងប្រុសរងគ្រោះនេះបានលង់ទឹកស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុបានរាយការណ៍ទៅសមត្ថកិច្ច ឲ្យជួយពិនិត្យសាកសពក្មេងប្រុសរងគ្រោះ។ សមត្ថកិច្ចបានសន្និដ្ឋានថា កុមារារងគ្រោះពិតជាបានស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែនក្រោយមក ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ៕ ចន្ថា