ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ៣៤៦ សជណ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនទៅលោកទេសរដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងរៀបចំដែនដីរូបនីយកម្ម និងសំណង់ឲ្យបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន អេងឌីប៉ូ អភិវឌ្ឍន៍ ដែលបាននឹងកំពុងឈូសឆាយដីក្នុងតំបន់ជម្លោះ ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដែលនាំឲ្យមានការផ្ទុះការតវ៉ា និងជម្លោះរវាងប្រជាពលរដ្ឋសាជាថ្មីឡើងវិញ។
ការបញ្ឈប់សកម្មភាពរបបស់ក្រុមហ៊ុន អេងឌីប៉ូ អភិវឌ្ឍន៍ គឺយោងតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីរដ្ឋបាលខេត្តកណ្តាលស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអនុវត្តផ្តល់ប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់ អចលវត្ថុជំហានទី២ ជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ធក្នុងជម្លោះដីធ្លី ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
យោងតាមលិខិតនេះបានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមជាគោលការណ៍ដូចតទៅ៖ ១.អនុញ្ញាតឲ្យបន្តចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំពោះដីដែលនៅសេសសល់ជូនប្រជាពលរដ្ឋចំនួន៦០គ្រួសារ ក្នុងតំបន់ដីជម្លោះឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ស្របតាមនីតិវិធី។ ២.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន អេងឌីប៉ូ អភិវឌ្ឍន៍ ដែលបាននឹងកំពុងឈូសឆាយដីក្នុងតំបន់ជម្លោះ ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដែលនាំឲ្យមានការផ្ទុះការតវ៉ា និងជម្លោះរវាងប្រជាពលរដ្ឋសាជាថ្មីឡើងវិញ។ ៣.ក្រសួងធនធានទឹក និងឧតុនិយម ជួសជុលកែលម្អ និងកសាងទំនប់ស្តុកទឹកទាំង០៩កន្លែង ដែលបានចុះបញ្ជីដីរដ្ឋរួចហើយ ប្រមាណ៣៨៦ហិកតា ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋតំបន់នោះ ស្រោចស្រពបង្កបង្កើនផលផ្គត់ផ្គង់ជីវភាពបានគ្រប់រដូវ។ ៤.រក្សាសុពលភាពប័ណ្ណសម្គាល់សិទ្ធដែលបានចេញជំហានទី១ ចំនួន៣២៧ប័ណ្ណ មានទំហំដី៩៥០ហិកតា (រួមមានៈ ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ដីបឹង ដីអាងទឹក និងដីភូមិរួម) តាមមស្មារតីលិខិតលេខ ២៣ សជណ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ និងលិខិតលេខ៦៤៥ សជណ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ៥.សំណង់ប្រព័ន្ធផ្លូវ និងប្រឡាយទឹកជាសម្បត្តិសាធារណៈសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋប្រើប្រាស់។
គេនៅចាំបានថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានផ្ទុះធ្វើការតវ៉ាជាមួយលោកឧកញ៉ា ឌី ប៉ូ ប្រធានក្រុមហ៊ុន អេងឌីប៉ូ អភិវឌ្ឍន៍ ដែលបានដាក់កម្លាំងសន្តិសុខហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលទៅក្នុងដីរបស់ខ្លួននៅចំណុចបឹងប្រលោះថ្កូវ ដែលស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
បន្ទាប់ពីផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច បានចុះទៅធ្វើអន្តរាគមន៍ករណីលោកឧកញ៉ា ឌី ប៉ូ ដាក់កម្លាំងសន្តិសុខហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលក្នុងដីរបស់ពួកគាត់។ នៅក្នុងហេតុការណ៍នោះ គឹឃើញមានវត្តមានលោកឧកញ៉ា ឌី ប៉ូ និងក្រុមសន្តិសុខរបស់ខ្លួនបានប៉ះទង្គិចពាក្យសំដីគ្នាជាមួយប្រជាពលរដ្ឋយ៉ាងខ្លាំង ទើបអាជ្ញាធរខេត្តកណ្តាល ធ្វើរបាយការណ៍ ស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអនុវត្តផ្តល់ប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលវត្ថុជំហានទី២ ជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ធក្នុងជម្លោះដីធ្លី ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល តែម្តងទៅ ៕ ប្រាថ្នា