ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះឈើប្រក់សង្កសីមួយខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង សង្ស័យឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះឈើប្រក់សង្ក្ខសីមួយខ្នងត្រូវភ្លើងឆេះនៅវេលាយប់អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើល ដែលករណីនេះសង្ស័យឆ្លងចរន្តអគ្គិសនី ខណៈម្ចាស់ផ្ទះជាប់រវល់ចេញទៅក្រៅ ។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា ផ្ទះដែលអគ្គិភ័យឆេះទាំងស្រុងមានទំហំ ៥ម៉ែត្រគុណ ៧ម៉ែត្រ សង់ធ្វើអំពីឈើប្រក់ស័ង្កសី ដោយម្ចាស់ផ្ទះមានឈ្មោះសួស ភា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក មានប្រពន្ធឈ្មោះ ម៉ម ឆេចឆា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិកើតហេតុខាងលើ ។

ប្រភពបន្តថា សមត្ថកិច្ចកងរាជអាវុធហត្ថនគរបាលក្រុងបាវិតបានចុះអន្តរគមន៍ជួយបាញ់ទឹកពន្លត់ និងអ្នកភូមិបានប្រេីប្រាស់ទឹកម៉ូទ័រ និងបំពង់ពន្លត់អគ្គិភ័យចំនួន៣បំពង់ ប៉ុន្តែ ដោយស្ថានភាពពិបាកផ្លូវតូចចង្អៀតហើយនៅឆ្ងាយពីផ្លូវជាតិ មិនអាចគ្រប់គ្រងស្ថានការណ៍បានបណ្ដាលឲ្យអគ្គិភ័យឆាបឆេះទាំងស្រុង។

ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួសឡើយនោះទេ គ្រាន់តែខូចខាតសម្ភារមិនទាន់ដឹងថាទំហំខូចខាតអស់ទឹកប្រាក់ប៉ុន្មាននៅឡើយ ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើងដោយសារ ទុស្សេខ្សែភ្លើង ផ្ទះនេះម្ចាស់ចាក់សោចោល ជាប់រវល់ទៅធ្វើការនៅក្រុងបាវិត ៕ យឹម សុថាន


ចែករំលែក៖