ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី២នាក់បើកឆាកប្រយុទ្ធគ្នានៅមុខស្ថានីយរថភ្លើងបណ្តាលឲ្យស្រ្តីម្នាក់បែកក្បាល

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី២នាក់បើកឆាកប្រយុទ្ធគ្នាបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មកចោមរោម​មើលទាំងកណ្ដាលយប់ បណ្ដាលឲ្យស្ត្រីម្នាក់បែកក្បាលហូរឈាមជោកខ្លួន និងអ្នករត់កង់បីម្នាក់ទៀត បែកទូរស័ព្ទខ្ទេច ។

ករណីហិង្សារវាងនារី២នាក់ខាងលើនេះ បានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅមុខស្ថានីយរថភ្លើង តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវ១០៨ ស្ថិតនៅ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក ចុះទៅអន្ដរាគមន៍ ភ្លាមៗនៅកន្លែងកើតហេតុ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារី២នាក់ ជិះរថយន្តម៉ាក KIA Morning មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ​ 2AP-4773 បានធ្វើដំណើរមកដល់ផ្លូវព្រះមុនីវង្ស កែងផ្លូវ១០៨ មុខស្ថានីយរថភ្លើង ស្រាប់តែទាស់សម្ដីគ្នា ហើយនារីវ័យក្មេងទាញទូរស័ព្ទពីស្ត្រីវ័យចំណាស់គប់ចេញក្រៅរថយន្ត រួចស្ត្រីវ័យចំណាស់ក៏ចាប់ទាញទូរស័ព្ទពីនារីវ័យក្មេងវិញ រហូតពេលចុះពីលើរថយន្តកើតជាអំពើហិង្សា។

ភ្លាមៗនោះ នារីវ័យក្មេង បានរើសដុំថ្មវាយស្ត្រីចំណាស់នោះ បែកក្បាល​ហូរឈាមពេញខ្លួន ហើយនារីវ័យក្មេង ក៏បានខ្ចីទូរស័ព្ទពូរ៉ឺម៉កកង់បីម្នាក់ ម៉ាក iPhone6 ដើម្បីតេរកទូរស័ព្ទដែលបានគប់ចេញពីរថយន្តនោះ ស្រាប់តែមិនទាន់រកឃើញផង ក៏ទាស់សម្ដីគ្នាជាមួយស្ត្រីខាងលើនោះទៀត រួចគប់ទូរស័ព្ទម្ចាស់កង់បីនោះចោលមួយទៀត តែសំណាងល្អគ្រាន់តែបែកកញ្ចក់អេក្រង់ប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ​ និងនាំទៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីសាកសួរដំណើររឿងបន្ថែម​។

សមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឈឹម វណ្ណារី អាយុ៣៨ឆ្នាំ មុខរបរ​រកស៊ី ស្នាក់នៅផ្ទះជួលលេខ២៥៤ ផ្លូវ១៥០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ បាត់ទូរស័ព្ទ២គ្រឿងម៉ាក iPhone7 និង iPhone8។ ចំណែកស្រ្តីម្នាក់ទៀត ឈ្មោះ ធីម ជីង​ជីង អាយុ៣២ឆ្នាំ មុខរបរ​បកប្រែ​ភាសា​ចិន ស្នាក់នៅផ្ទះជួល សង្កត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ បាត់ទូរស័ព្ទ iPhone7 plus មួយគ្រឿង ពណ៌ក្រហម និងជាម្ចាស់រថយន្តម៉ាក Morning ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2AP-4773។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង រួមទាំងបុរស ដែលជាអ្នករត់ម៉ូតូកង់បី ក៏ត្រូវបានសមត្ថកិច្ចនាំទៅសួរនាំពីដំណើររឿងលម្អិតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ៕ ជ្រោយពេជ្រ


ចែករំលែក៖