ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីថ្វាយបង្គំក្នុងព្រះវិហារត្រូវបុរសញៀនថ្នាំកាប់របួសជាង១០០ថ្នេរ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាងផ្សាដែកជនជាតិឥស្លាមម្នាក់ ខណៈចេញពីថ្វាយបង្គំក្នុងព្រះវិហារវិញ ត្រូវបានបុរសញៀនថ្នាំប្រចាំភូមិ យកកាំបិតបុ័ងតោលបកាប់ពីក្រោយជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរដេរជាង១០០ថ្នេរ កំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងស្ថិតនៅក្បែរទីនោះ ។

ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខព្រះវិហារ ឥស្លាម គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះមានឈ្មោះ ម៉ាត់ លីទូឡោះ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាងផ្សាដែក ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ រងរបួសក្បាលដេរ១០០ថ្នេរ និងរងរបួសស្មាឆ្វេងស្តាំដៃស្តាំដេរ១០ថ្នេរ ។ ចំណែកឯជនបង្កដែលរត់គេចខ្លួនបាត់នោះ មានឈ្មោះ លីហា គីម ហៅ អាច្រឡឺម ភេទប្រុស អាយុ២២ឆ្មាំ មានមុខរបរមិនពិតប្រាកដស្នាក់នៅកើតហេតុជាមួយគ្នា ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកកើតហេតុជនរងគ្រោះបានចូលថ្វាយបង្គំនៅក្នុងព្រះវិហារគីឡូម៉ែត្រលេខ៩ រហូតដល់ម៉ោងកើតហេតុជនរងគ្រោះបានចេញពីថ្វាយបង្គំនៅព្រះវិហារត្រឡប់ទៅផ្ទះវិញ ខណៈពេលដើរចេញពីព្រះវិហារបានបន្តិចប្រហែល២០ម៉ែត្រ ស្រាប់តែជនបង្កស្ទុះចេញពីក្រោយពីកន្លែងពួនដៃកាន់ដោយកាំបិតប៉័ងតោមកកាប់ក្បាល និងស្មាខាងឆ្វេងស្តាំ និងដៃខាងស្តាំជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរភ្លាមៗនោះត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូយកទៅសង្គ្រោះមន្ទាន់នៅគ្លីនិកឯកជន(កែវការីណូ)នៅក្បែងកន្លែងកើតហេតុ ។ ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ពីកន្លែនោះតែម្តង ។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានសូមសំណូមពរទៅដល់សមត្ថកិច្ចឲ្យជួយស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កមកផ្តន់ទាទោសទៅតាមផ្លូវច្បាប់ផង ពីព្រោះក្រោយពីជនបង្កធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងររួចហើយជនបង្កមិនបានរត់គេចខ្លួនទៅណាឆ្ងាយពីផ្ទះរបស់គេនោះទេគឺជនបង្កនៅដេកផ្ទះយ៉ាងរំភើយ និងដើរលេងពេញក្នុងភូមិធម្មតាធ្វើដូចគ្មានរឿងអីចឹង ៕ អរុណរះ


ចែករំលែក៖