ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរទាំងយប់ចេញមកចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណៈដែលរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងសង្ស័យដាច់រ៉ូទីលចង្កូតបណ្ដាលឲ្យរ៉េចង្កូតបោលបុកផ្ទះប្រជាពលរដ្ឋ លក់ចាបហួយយ៉ាងពេញទំហឹងលាន់ដូចរន្ទះកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ លើផ្លូវ ជាតិលេខ ០១ ស្ថិតក្នុងភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ក្រុងស្វាយរៀង សំណាងមនុស្សមិនរងគ្រោះថ្នាក់។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់កាសែតនគរវត្តឲ្យដឹងថា ចំពោះអ្នកបើករថយន្តបង្កហេតុក្រោយពីគ្រោះថ្នាក់ដោយឃើញសភាពការណ៍មិនស្រួលរត់គេចខ្លួនបាត់ស្រមោលភ្លាមៗបន្សល់តែរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3D 6080 ដែលខូចខាតបែកកញ្ចក់ផ្នែកខាងមុខធ្ងន់ធ្ងរនៅនឹងកន្លែង។
ប្រភពបន្តថា ចំពោះម្ចាស់ផ្ទះលក់ចាបហួយមានឈ្មោះសុខ សុនាត ភេទ ស្រី អាយុ ៥៣ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ រូបគោសង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ចំណែកសម្ភារខូចខាតមួយចំនួនមិនទាន់សរុបតម្លៃនៅឡើយ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្ត ម៉ាកហុីហិនដាយ ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ3D 6080បើកបដោយបុរសម្នាក់មិនស្គាល់ឈ្មោះដោយធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ពីកើតមកលិច ខណៈនោះមិនដឹងជាមានរឿងអ្វីស្រាប់តែរថយន្តរេចង្កូតមកខាងស្ដាំដៃបុកផ្ទះលក់ចាបហួយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឲ្យម្ចាស់ផ្ទះ និងអ្នកភូមិភ្ញាក់ផ្អើលភ័យព្រលឹងចុងសក់ និងស្ទុះចេញមកខាងក្រៅភ្លាមៗ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ប៉ុន្តែអ្នកបើករថយន្តមានអការភិតភ័យបានបើកទ្វាររត់គេចខ្លួនបន្សល់តែរថយន្តនៅនឹងកន្លែង។
ចំពោះការខូចរួមមានតូបលក់ដូរ មួយខ្នង និងខូចតុ ចំនួន៣ ប៉ុន្តែមនុស្សមិនមានគ្រោះថ្នាក់អ្វីនោះទេ ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុ គឺមកពីរថយន្តដាច់រ៉ូទីលចង្កូតទើបរេចង្កូតបែបនេះ ។
ចំពោះរថយន្តត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងវាស់វែង និងចាត់ការតាមច្បាប់ ៕ យឹម សុថាន