ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើស​នេសាទ​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែ​បន្ត​រាលដាល​យ៉ាង​ពេញបន្ទុក​

ចែករំលែក៖

តាម​ប្រភពព័ត៌មាន​ពី​ប្រជា​នេសាទ​នៅក្នុង​ឃុំ​សំព្រោជ ឃុំ​ម្សាក្រង និង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ ជាពិសេស​ឧបករណ៍​ឆក់​ត្រី​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅតាម​អូរ​ព្រែក ត្រពាំង​បឹងបួ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រភពពី​ប្រជា​នេសាទ​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កន ចន្ទ​សីហា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្ទោង ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ ចំណែក​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ក្នុងខណៈដែល​ធនធាន​មច្ឆជាតិ​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ចំណារ​ក្រោម ឃុំ​ម្សាក្រង និង​ឃុំ​សំព្រោជ បាន​ឲ្យ​ដឹងថា​លោក កន ចន្ទ​សីហា មិន​ត្រឹមតែ​ឃុបឃិត​ឲ្យ​ជនល្មើស​ប្រើ​ឧបករណ៍​ឆក់​ត្រី​តាម​បឹង​ព្រែក អូរ​ត្រពាំង យ៉ាង​រាលដាល​ប៉ុណ្ណោះ​ទេ​គឺ​សូម្បីតែ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​ក៏​លោក កន ចន្ទ​សីហា បណ្ដោយ​ឲ្យ​មាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​ដែរ​។ សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា អ្នកប្រព្រឹត្ត​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់លោក កន ចន្ទ​សីហា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្ទោង ទើប​អាច​គេច​ផុតពី​ការបង្ក្រាប​។ គ្មាន​ជនល្មើស​ណា​ម្នាក់​ដែល​មិន​បង់លុយ​ឲ្យ​លោក កន ចន្ទ​សីហា នោះទេ​ប្រសិនបើ​ពួកគេ​ចង់​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប និង​តាម​បឹងបួ​អូ​ព្រែក​ត្រពាំង​នៅក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

កន្លងមក​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សំព្រោជ ឃុំ​ចំណារ​ក្រោម និង​ឃុំ​ម្សាក្រង បាន​អំពាវនាវ​ឲ្យ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ ប្រកបដោយ​ប្រសិទ្ធភាព​ព្រោះ​រយៈពេល​ប្រមាណ​២​ខែ​ចុង​ក្រោយនេះ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​រាលដាល​កាន់តែខ្លាំង​ជាង​មុន​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​ស្រុក​ស្ទោង នោះទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក កន ចន្ទ​សីហា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្ទោង មាន​សិទ្ធិអំណាច​កាន់តែ​ធំធេង​ក្នុង​ការឃុបឃិត​ឲ្យ​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុងស្រុក​ស្ទោង ជាបន្ទាន់​ហើយ​មិនត្រូវ​បណ្ដោយ​ឲ្យ​មន្ត្រី​ពុករលួយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​៕


ចែករំលែក៖