ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រូសបើកលឿនមិនប្រយ័ត្នទៅបុកនិងរថយន្តក្រុង៤៥កៅអីពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាងសំណាងល្អមិនមានអ្នករងរបួស។
គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីថ្ងៃនេះ ថ្ងៃ ពុធ ១២ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៨វេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រ នៅចំណុចតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវសម្តេចជាស៉ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើកហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយលឿង ជាប្រភេទរថយន្តក្រុង៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3D-6689 និងអ្នកដំណើរជាច្រើននាក់ទៀត ដែលទើបតែចេញមកពីកម្មវិធីបុណ្យនៅខេត្តកំពង់ស្ពឺ បំណងបើកត្រឡប់ទៅផ្ទះវិញម្តុំអូរឬស្សី ដោយបើកបរតាមបណ្តោយផ្លូវសម្តេចជាស៉ីម ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវហាណូយឆ្ពោះទៅផ្លូវឧកញាម៉ុងរិទ្ធី ខណ:ដែលឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-2951 ដែលបើកបរដោយនារីម្នាក់និងអ្នករួមដំណើរម្នាក់ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនហើយក៍ចាប់ហ្វាំងមិនទាន់ជ្រុលទៅបុករថយន្តក្រុងខាងលើចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរថយន្តក្រុងរងការខូចខាតផ្នែកខាងស្តាំ។ ចំណែកឯរថយន្តព្រូសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុនគរបាលចរាចរខណ្ឌបានចុះមកដល់កន្លែងធ្វើការវាស់វែងប៉ុន្តែដោយសារភាគីទាំងមិនចង់មានរឿងវែងឆ្ងាយក៍យល់ព្រមសម្រប់សម្រួលគ្នាយករថយន្តទៅជួសជុលដោយខ្លួនឯងរៀងៗខ្លួនដើម្បីបញ្ចប់រឿង៕ តុង សីហា