ភ្នំពេញ ៖ ភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កំណើនប្រជាពលរដ្ឋកាន់តែកើនច្រើនឡើង ទាំងអ្នកស្នាក់នៅបណ្តោះអាសន្ន ទាំងអ្នករស់នៅអចិន្ត្រយ៍ តែអ្វីដែលជាតម្រូវការចាំបាច់ចំពោះមុខនោះ គឺផ្លូវថ្នល់ ប្រព័ន្ធ លូបង្ហូររំដោះទឹក ខណៈដែលតំបន់ខាងលើ នេះអស់រយៈពេលជាង១០ឆ្នាំកន្លងផុតហួសទៅហើយ ។ ការទន្ទឹងរង់ចាំមកដល់ពេលនេះផ្លូវចូលភូមិផ្លូវលំទទួល រងការខូចខាតអស់រលីងទៅហើយ ក្លាយ ទៅជារណ្តៅជ្រៅៗ កន្លែងខ្លះទៀតធ្វើ ដំណើរតាមភ្លឺស្រែ ខែប្រាំងរណ្តៅ ខែវស្សា ជាត្រពាំងទឹក ពិបាកក្នុងការធ្វើដំណើរ ចេញចូល ហើយមកដល់ពេលនេះពលរដ្ឋព្រួយបារម្ភរដូវវស្សាខិតជិតមកដល់ផ្លូវ ជាប្រព័ន្ធ គមនាគមន៍ គឺប្រឡាយ លូបង្ហូរ រំដោះទឹកគ្មាន ។
ប្រជាពលរដ្ឋបានត្អូញត្អែរថា តំបន់ ខាងលើ១៤ឆ្នាំមកហើយ ទោះជាតំបន់ ផ្សេងៗ ទទួលបាននូវកិច្ចអភិវឌ្ឍន៍ ច្រើន គ្រប់វិស័យយ៉ាងណាក៏ដោយ តែសម្រាប់ ក្នុងភូមិ សង្កាត់ខាងលើ ប្រព័ន្ធលូ និង ផ្លូវពុំមានត្រឹមត្រូវនឹងគេទេពិបាកធ្វើដំណើរឆ្លង កាត់ទាំងរដូវវស្សាទាំងរដូវប្រាំង ។
ដោយការកង្វះខាត បញ្ហាផ្លូវថ្នល់ ខាងលើ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរ មេត្តាជួយធ្វើយ៉ាងណា ចាក់ដីលុបរណ្តៅ ឈូសឆាយពង្រាប គ្រាន់បានងាយស្រួល ធ្វើដំណើរ បើមិនបានផ្លូវបេតុងនឹងគេទេ សូមរៀបចំប្រព័ន្ធលូបង្ហូររំដោះទឹកចេញពីក្នុងភូមិ ដើម្បីកែសម្រួលបរិស្ថាន និងអនាម័យ សុខភាពឲ្យបានប្រសើរផង ៕ ហេង នរិន្ទ្រ