ភ្នំពេញ ៖ ទីតាំងអីុនធើណេត គឺជា កន្លែងបើកល្បែងស៊ីសង ភ្នាល់តាមអន ឡាញ និងជាជម្រកផ្តល់មធ្យោបាយឲ្យ ជនល្មើសជ្រកកោន ដោយសារតែបើក បម្រើការ២៤ម៉ោង លើ២៤ម៉ោង ដែល មានស្លាកយីហោជាអក្សរ9K បម្រើសេវា អីុនធើណេត ដែលបើកជាច្រើនកន្លែងក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ យ៉ាង ហោចណាស់ក៏មានបើក៣ ទៅ៤កន្លែង ដែរ។
នៅក្នុងទូទាំងខណ្ឌឫស្សីកែវ ជាពិសេស សង្កាត់ទួលសង្កែ មានទីតាំងអីុនធើណេត ភ្នាល់ល្បែងស៊ីសងតាមអនឡាញជាច្រើន តាមផ្លូវធំៗ ផ្លូវលំ ច្រកឌឿងហែម បើកជា លក្ខណៈចំហតែម្តង ពិសេសទីតាំង អីុនធើណេត9K សេវាអីុនធើណេតនេះ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រាល់ទីតាំងនីមួយៗ មានអ្នកមើលការខុស ត្រូវ ឬ អ្នកគ្រប់គ្រងគ្រប់កន្លែងទាំងអស់ ពួកគេមានអំនួត មិនខ្លាចរអានឹងសមត្ថកិច្ច ថ្នាក់ក្រោមៗនោះទេ ដោយសារគេស្គាល់ទាបបំផុត ក៏ចាប់ពីថ្នាក់អធិការ អភិបាល ខណ្ឌឡើងលើឯណោះមិនដឹងថាគេមាន ឥទ្ធិពល ឬក៏ប្រើអំណាចទឹក ប្រាក់ក្នុង កម្រិតណាទេ។
ប្រជាពលរដ្ឋបានលើកឡើងថា ល្បែង ស៊ីសង គឺជាប្រភពផ្តើមចេញឲ្យមានបទ ល្មើស ហើយអនុញ្ញាតឲ្យបើក មិនបង្ក្រាប គឺជាកំហុសធ្ងន់ធ្ងរ និងមិនអនុវត្តទៅតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
សូមបញ្ជាក់ថា ខណ្ឌឫស្សីកែវ ជាខណ្ឌមួយដែលមានភូមិសាស្រ្តស្មុគស្មាញ និងជាកន្លែងដែលសម្បូរទៅដោយបទល្មើសទៀតផងព្រោះមានក្មេងទំនើងប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងនិងមានអីុនធើណេត២៤ម៉ោង និងហាងបញ្ចាំជាច្រើនកន្លែងទៀតផង។
ប្រជាពលរដ្ឋម្នាក់បានលួចប្រាប់សារព័ត៌មានយើងថា សមត្ថកិច្ចខណ្ឌឫស្សីកែវ បង្ក្រាបតែកន្លែងណាដែលមិនបង់លុយឲ្យពួកគេតែប៉ុណ្ណោះកន្លែងណាបង់រាល់ខែ មិនបង្ក្រាបនោះទេ។
កន្លងមកលោកអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់បញ្ជាដល់ សមត្ថកិច្ចពាក់ព័ន្ធពិសេសសមត្ថកិច្ចមូលដ្ឋានត្រូវត្រួតពិនិត្យ ហាងបញ្ចាំ២៤ម៉ោង និងហាងអីុនធើណេត២៤ម៉ោងដែលបង្កប់ ល្បែងស៊ីសងខុសច្បាប់ ប៉ុន្តែសម្តីរបស់លោកអភិបាលរាជធានីភ្នំពេញ ដូចជាគ្មាន ប្រសិទ្ធភាព ព្រោះហាងបញ្ចាំ២៤ម៉ោងនិងអីុនធើណេត២៤ម៉ោងនៅតែមាន និងរីកស្អេកស្អះពេញរាជធានីភ្នំពេញ ៕ នរិន្ទ្រ