ភ្នំពេញ៖ ព័ត៌មានស្នេហ៍ក្រៅឆាករវាង តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា សួស វីហ្សា និងតារាសម្តែងថម មី បានផ្ទុះឡើងជាច្រើនខែមកហើយ ពោលគឺក្រោយពេលពួកគេចាប់ផ្តើមបង្ហាញមុខបែបស្និទ្ធស្នាលប្លែករហូតដល់បែកការណ៍។ ទោះជាសួស វីហ្សាបដិសេធចំណងស្នេហ៍នេះក្តីក៏តាមរយៈស្នាមសាក់ឈ្មោះនាងនៅលើដៃឆ្វេងរបស់លោកថម មីអាចបញ្ជាក់បានថាពួកគេមានស្នេហានឹងគ្នាមិនអាចប្រកែកបាន។
ក្នុងចង្កោមអ្នកសិល្បៈគេបានដឹងច្រើនអំពីដំណឹងស្នេហ៍នេះដែលបានឆាបឆេះជាយូមកហើយ ប៉ុន្តែកញ្ញាសួសវីហ្សាធ្លាប់បានចេញមុខប្រតិកម្មដោយច្រានចោលចំពោះដំណឹងទាំងនោះហើយលើកឡើងថាគ្មានការពិតនោះទេ។ ម្ចាស់បទ«បុប្ផាស្វាយរៀង»រូបនេះ ថែមទាំងលើកឡើងដែរថាក្រុមគ្រួសារនាងមិនសប្បាយចិត្តនឹងដំណឹង ស្នេហ៍ដែលបានបែកធ្លាយនេះពិសេសក្រោយពេលលេចលឺថាពួកគេរួមរស់នៅផ្ទះតែមួយនឹងរងចាំថ្ងៃរៀបការនោះ។ ទោះជាយ៉ាងណាអ្វីដែលមិនអាចប្រកែកបានគឺស្នាមសាក់ឈ្មោះ សួស វីហ្សាជាភាសាអង់គ្លេសនៅជាប់លើដៃឆ្វេងរបស់លោក ថម មី មិនមែនជារឿងចៃដន្យនោះទេ ដែលអាចបញ្ជាក់បានថាពួកគេមានទំនាក់ទំនងស្នេហាពិតមែន។ អ្នកសិល្បៈម្នាក់លើកឡើងដែរថា មិនត្រឹមតែថមមី ទេដែលបានសាក់ឈ្មោះសួស វីហ្សា សូម្បីតែសួស វីហ្សា ក៏ឆ្លាក់ឈ្មោះថម មី នៅលើដៃរបស់នាងដែរដែលបញ្ជាក់បានថាស្នេហានេះមិនមែនកើតមានឡើងតែម្ខាងនោះដែរ។
គេនៅមិនទាន់ដឹងប្រាកដនៅឡើយថា ពួកគេសម្រេចចិត្តចូលរោងការនៅពេលណានោះទេ បើទោះបីជាសាច់ញាតិទាំងសងខាងបានដឹងលឺថាពួកគេមានទំនាក់ទំនងស្នេហ៍នឹងគ្នារួចហើយក៏ដោយ ៕ វឌ្ឍនា