ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកឆ្លងផ្លូវចូលផ្ទះត្រូវរថយន្តដឹកបន្លែបុកខ្ទេចហើយជ្រុលទៅបុកទូ ATM រងការខូចខាតបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តឆ្លងផ្លូវ ត្រូវរថយន្តដឹកបន្លែមួយគ្រឿង បុកទ្វារខាងឆ្វេងខ្ទេច ហើយរថយន្តដឹកបន្លែនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទូ ATM របស់ធនាគារកាណាឌីយ៉ា បណ្តាលឲ្យរងការខូចខាតបន្ថែមទៀត។

ហេតុការណ៍នេះបានកើតឡើងការពីម៉ោងជិត៣រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7732 បើកបរដោយបុរសម្នាក់បត់ចូលផ្ទះតាមច្រកធនាគារកាណាឌីយ៉ា ក៏ត្រូវរថយន្តតូរីសដឹកបន្លែពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1671 បើកបរដោយបុរសម្នាក់ មកបុកពេញទំហឹង ហើយរថយន្តដឹកបន្លែនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទូATM របស់ធានាគារកាណាឌីយ៉ា បណ្តាលឲ្យរងការខូចខាតបន្ថែមទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុស្ទូចយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយជាក្រោយ ៕ ជ្រោយពេជ្រ

 


ចែករំលែក៖