ព័ត៌មានទាន់ហេតុការណ៍៖

រកមុខម្ចាស់សិប្បកម្មកែច្នៃឈើមិនឃើញ ខណៈកម្មករម្នាក់ត្រូវចរន្ទភ្លើងឆក់ស្លាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី : ខ្សែភ្លើងឆក់ស្លាប់មនុស្សម្នាក់ដោយសារការធ្វេស ប្រហែសក្នុងពេលធ្វើការការងារប្រើឧបករណ៍ម៉ូទ័រអគ្គីសនីខ្សែមានដំណរឆ្លងចរន្ត ។

ហេតុការណ៍ខ្សែភ្លើងឆក់មនុស្សម្នាក់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៤និង៤៥នាទី ថ្ងៃ សុក្រ ៦ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពូទុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ស៊ុនរិទ្ធសា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាងចម្លាក់ឈើ មានស្រុកកំណើតភូមិកប្បាស់ ឃុំឈើទុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ហើយបានស្នាក់នៅបណ្តោះអាសន្ននៅភូមិកើតហេតុខាងលើ ។

ប្រភពពីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះបានបញ្ឆេះម៉ាសុីនដោតខ្សែម៉ូទ័រខួងឈើមិនប្រយ័ត្នប៉ះចំមុខដំណរបណ្តាលចរន្ទភ្លើងឆក់ស្លាប់តែម្តង ។

បន្ទាប់ពីមានករណីនេះ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាត្រូវបានភ្លើងឆក់ពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី។

តែទោះជាយ៉ាងណា ករណីខាងលើម្ចាស់សិប្បកម្មនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយចំពោះការទទួលខុសត្រូវលើគ្រោះថ្នាក់បណ្តាលឲ្យស្លាប់កម្មករក្នុងកន្លែងការងារបែបនេះ ក៏គេនៅមិនទាន់ទទួលព័ត៌មានពីសមត្ថកិច្ចថា តើម្ចាស់ទីតាំងនឹងមានសំណង ឬប្រឈមមុខច្បាប់បែបណានោះនៅឡើយទេ៕ ជីវន្ត

 


ចែករំលែក៖