ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះប្រកែកគ្នាបែកផ្សែងរឿងម៉ូតូធុនធំបុកគូថឡាន ជ្រុះកងដៃមួយហើយមានអ្នករើស

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង ហើយបង្កឲ្យមានការឈ្លោះប្រកែកគ្នាឡើងផ្អើលពេញផ្លូវព្រះមុនីវង្ស បន្ទាបពីយុវជនម្នាក់ជិះម៉ូតូធំយ៉ាងលឿន ទៅបុកគូទរថយន្តពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ខ្លួនឯង ហើយបានជ្រុះកងដៃ ក៏ត្រូវបានគេរើស ស្របពេលដែរមិត្តភក្តិជនរងគ្រោះមកតាមក្រោយឃើញ ក៏ចោទថា មានគំនិតចង់យករបស់ជនរងគ្រោះ ហើយ ក៏ឈ្លោះគ្នាបែកផ្សែងតែម្ដង ។

ក្នុងហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ២៩៤ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុន និងមានរឿងហេតុខាងលើនេះកើតឡើង គឺយុវជនម្នាក់ ជិះម៉ូតូធំ កម្លាំង600cc ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគូទរថយន្តទំនើប ម៉ាក CHEVROLET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-3806 ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះខ្ទៀតចេញពីម៉ូតូជិត១០ម៉ែត្ររងរបួសធ្ងន់ ហើយភ្លាមៗ ក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅឯមន្ទីពេទ្យ តែពេលដែលជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ ក៏បានជ្រុះកងដៃចេញពីខ្លួន ដោយមានយុវជនប្រុសស្រី២នាក់ជិះម៉ូតូមកក្បែរបានរើស ស្របពេលមិត្តភក្តិជនរងគ្រោះមកតាមក្រោយឃើញបែបនេះ ក៏គិតថា យុវជនប្រុសស្រី២នាក់នោះមានគំនិតមិនល្អ ចង់យកកងដៃមិត្តភក្តិរបស់ខ្លួនយកទៅ ទើបធ្វើឲ្យមានការឈ្លោះប្រកែកគ្នា និងមានដកសោរម៉ូតូខាងអ្នករើសកងដៃ និងបានវាយគ្នាម្នាក់១ដៃ ទៅ២ដៃ ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ រួមទាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីឈ្លោះប្រកែកគ្នាហើយ អ្នកដែររើសកងដៃបាន ក៏ប្រគល់កងដៃដែលរើសនោះ ឲ្យទៅមិត្តភក្តិជនរងគ្រោះវិញ ហើយមិត្តភក្តិជនរងគ្រោះ ក៏បានប្រគល់សោម៉ូតូឲ្យទៅក្រុមយុវជនដែលរើសកងដៃនោះចេញពីកន្លែងកើតហេតុតែម្ដង ។

ក្រោយពីបញ្ចប់រឿងឈ្លោះគ្នាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះហើយ សមត្ថកិច្ចមូលដ្ឋានបានមកបន្តដោះស្រាយ រឿងម៉ូតូធំបុករថយន្តពីក្រោយម្ដង ដោយភាគីទាំងពីរសុទ្ធតែទារសំណងនៃការខូចខាតដូចគ្នា ព្រោះរថយន្ត និងម៉ូតូសុទ្ធតែរងការខូចខាតធ្ងន់ធ្ងនដូចគ្នា តែចុងក្រោយ ភាគីទាំងពីរ ក៏បានបញ្ចប់ត្រឹមយកម៉ូតូ និងរថយន្តចេញពីកន្លែងកើតហេតុរៀងៗខ្លួន ដោយមិនចង់មានរឿងវែងឆ្ងាយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖