ព័ត៌មានទាន់ហេតុការណ៍៖

មិនរំខានសមត្ថកិច្ចទេ ករណីបុរសស្រវឹងស្រាបើកឡានដូចហោះបុកម៉ូតូអូស៦ទៅ៧ម៉ែត្រលើស្ពានអាកាសស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តកាមរីបាឡែនឡើងស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនលឿនជ្រុលបុកម៉ូតូCBRពីក្រោយពេញទំហឹងហើយកិនអូស៦ទៅ៧ម៉ែត្របណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកCBR ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ1GC 4455 ធ្វើដំណើតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងឡើងស្ពានអាកាសស្ទឹងមានជ័យ ខណៈមកដល់ចំណុចពាក់កណ្តាលស្ពានស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2V 7786 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុកម៉ូតូពីក្រោយពេញទំហឹង និងកិនអូសជាប់នៅខាងក្រោមរថយន្តបណ្តាលឲ្យរងការខូចខាត និងបង្កការកដស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលដោយភាគីខាងរថយន្តចេញថ្លៃជួសជុលទាំងស្រុងនៅលើភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនរំខានដល់សមត្ថកិច្ច ៕ សុខាសែនជ័យ


ចែករំលែក៖