រោងការធំៗមួយចំនួនបានបិទផ្លូវផ្តាច់តែម្តង ដោយមិនអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ឆ្លងកាត់នោះឡើយ អាជ្ញាធរគិតថា វាជារឿងម្តងម្កាល ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរក្តៅក្រហាយ ធុញទ្រាន់នឹងការកកស្ទះចរាចរណ៍ ។ បើតាមខ្ញុំបាទ យល់ថា រោងការត្រូវតែសង់ ប៉ុន្តែមិនគួរបិទផ្លូវទាំងស្រុងយ៉ាងនេះទេ ។
ដូចក្នុងរូបភាព រោងការដ៏ធំមួយត្រូវបានសង់ពេញទ្រូងផ្លូវ ហើយបានសរសេរផ្លាកតូចមួយសុំទោសអ្នកដំណើរ ឬសុំអធ្យាស្រ័យព្រោះតែរោងការនេះ មិនអាចឲ្យមហាជនធ្វើចរាចរណ៍លើដងផ្លូវនេះបាន ។ នៅគ្រាដែលបញ្ហាចរាចរណ៍កំពុងតែជួបប្រទះនូវការលំបាក បែរជាកំណាត់ផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់ទាំងស្រុង វាកាន់តែធ្វើឲ្យមនុស្សម្នាចាល់ទៅទីផ្សេង ។ បញ្ហានេះ មិនមែនទើបតែកើតឡើងនៅពេលនេះទេ ហើយក៏មិនមែនមានតែនៅក្នុងទីក្រុងនោះដែរ បច្ចុប្បន្នរោងការធំៗសង់បិទផ្លូវមានទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ។
មានហានិភ័យជាច្រើនដែលអាចនឹងកើតឡើងនៅក្នុងរោងការដែលសង់លើផ្លូវនោះ ជាពិសេសគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។ កាលពីប៉ុន្មានឆ្នាំមុនរថយន្តបែនដឹកដីបានជ្រុលចង្កូតចូលរោងការលើចិញ្ចើមផ្លូវក្នុងខណ្ឌច្បារអំពៅ ។ វាជាភស្តុតាងមួយ ដែលបញ្ជាក់ថា ការសង់រោងការលើចិញ្ចើមផ្លូវនេះប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ។ បញ្ហាគ្រោះថ្នាក់គឺជារឿងមួយ, បញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយគឺជារឿងមួយទៀត ។ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រសិនបើអ្នកមានប្រាក់ ឬមានអំណាចសង់រោងការបិទផ្លូវ មុខជាត្រូវមហាជនជេរដូចព្យុះមិនខានឡើយ ។
និយាយរួមទៅ រឿងសង់រោងការបិទផ្លូវក៏ជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ចំពោះអាជ្ញាធរផងដែរ ។ ថ្នាំងថ្នាក់ព្រោះតែគិតថា អាជ្ញាធរឃុបឃិតជាមួយអ្នកមានលុយមានអំណាចឲ្យសង់រោងការផ្ជិតផ្លូវតែម្តង ។ បើតាមយោបល់របស់ខ្លួនបាទយល់ថា អាជ្ញាធរគួរណែនាំម្ចាស់រោងការគួរធ្វើយ៉ាងណា លៃលកទុកចំណែកផ្លូវណាមួយទុកឲ្យអ្នកធ្វើដំណើរអាចឆ្លងកាត់បានផង ។ អ្នកខ្លះអាក្រក់ណាស់ ធ្វើដំណើរតាំងពីដើមផ្លូវរហូតដល់ចុងផ្លូវទើបឃើញរោងការសង់បិទផ្លូវ ដូច្នេះបង្ខំឲ្យអ្នកបើកបររថយន្តត្រូវត្រឡប់ក្រោយវិញ ។ អ្នកខ្លះបត់រថយន្តបណ្តើរ ជេរម្ចាស់ដើមការបណ្តើរ ។ មិនដឹងថា តើម្ចាស់ដើមការទាំងឡាយ ដែលបានសង់រោងបិទផ្លូវធ្លាប់ស្រមៃថា ត្រូវបានគេជេរដែរទេ? ៕ ប្រជាពលរដ្ឋម្នាក់