ព័ត៌មានទាន់ហេតុការណ៍៖

យប់មិញរថយន្តយីឌុប១៧គ្រឿង ដឹកឈើឆ្លងទៅវៀតណាម តាមច្រកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តយីឌុប១៧គ្រឿង ដឹកឈើឆ្លងទៅវៀតណាម តាមច្រកអូរយ៉ាដាវ នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ហើយត្រូវឆ្លងផុតអស់ចុងក្រោយនៅម៉ោង៥ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ក្នុងនោះមួយឡានផ្ទុកទំងន់ឈើដល់៨០ទៅជិត១០០តោន ឈ្មួញបង្ខំផ្ទុកលើសទំងន់ដោយសារចំណាយលើសេវារត់ការ បង់អោយសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធតាំងពីថ្នាក់តូច ថ្នាក់កណ្តាល ថ្នាក់ធំ មានចំនួនច្រើន ១ឡានចាប់ពី១៩០០០ដុល្លារ ទៅ២២០០០-២៣០០០ដុល្លារ។

អ្នករត់ការដឹកជញ្ជូនបទល្មើសឈើគឺជាសមត្ថកិច្ចតែម្តង ហើយអ្នកខេត្តរតនគិរីស្គាល់មុខ ឈ្មោះ ទាំងក្រយ៉ៅច្បាស់ណាស់ ប៉ុន្តែសាមុីអង្គភាពមិនអើពើ ខណះគាត់មានគុណសម្បត្តិរកសេវាដើម្បីប្រភពសេដ្ឋកិច្ចអោយមេៗ ក្នុងខេត្ត ពិសេសអ្នករត់ការនេះធ្វើអោយសមត្ថកិច្ចមាត់ច្រកទាំងភាគីកម្ពុជា-វៀតណាម នៅច្រកអន្តរជាតិអូរយ៉ាដាវ និងថៅកែឈើវៀតណាមទុកចិត្ត ហ៊ានបោៈលុយអោយមកធ្វើការប្រមូលដឹកជញ្ជូនឈើម្តងៗ ចាប់ពីកន្លះលានដុល្លារឡើងទៅ។

មជ្ឈដ្ឋានទូទៅពីប្រជាជនក៏ដូចជាមន្ត្រីរាជការកំពុងមានចំងល់ថា៖ ដល់សម័យនេះហើយឈ្មួញអីក៏ថ្លើមធំម្លេះ ហ៊ានដឹកឈើឆ្លងទៅវៀតណាម ទាំងឡានៗយីឌុប ហើយសមត្ថកិច្ចមាត់ច្រកអីក៏ធូរលុងម្លេះ…?

គួរំលឹកថា៖ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ គេបានឃើញពីសកម្មភាពលើកដាក់ឈើប្រណីតខុសច្បាប់លើរថយន្តយីឌុបចំនួន១០គ្រឿង នៅតាមមាត់ទន្លេសេសាន ក្នុងភូមិសាស្រ្តភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី រួចហើយចេញដំណើរកាត់ទីរួមខេត្ត ប៉ុន្តែមិនមានសមត្ថកិច្ចណាមួយចាត់វិធានការឡើយ។ នេះជាវប្បធម៍កើតឡើងដោយអំពើពុករលួយជាលក្ខណះប្រព័ន្ធយូរមកហើយ បើចាប់លុះណាមានបញ្ជាឬធ្វើតាមបញ្ជាពេលបែកការណ៍។

តាមប្រភពព័ត៌មានពីកម្មករនៅទីនោះ បានបង្ហើបឲ្យដឹងថា៖ ឈើប្រណីតទាំងនេះ គឺជាឈើរបស់មេឈ្មួញធំឈ្មោះ ណុប ណាក់ ជាសមត្ថកិច្ចនៅខេត្តរនតគិរី សហការជាមួយដៃជើងរបស់ខ្លួន ដោយដឹកឈើនេះចេញនៅពេលយប់ឆ្លងកាត់តាមស្រុកអូរជុំ និងក្រុងបានលុង ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ។

តាមប្រភពព័ត៌មានពីក្រុមឈ្មួញអ្នករកស៊ីឈើផ្សេងទៀតបានឲ្យដឹងថា៖ គឺរថយន្តយីឌុបភ្លៅ៦ទាំង១០គ្រឿងនេះ គឺក្នុងមួយគ្រឿងអាចដឹកទម្ងន់ពី៨០ទៅជិត១០០តោន បើពុំនោះមិនអាចរត់ការបង់សមត្ថកិច្ចគ្រប់ទេ ព្រោះមួយឡានរត់ការបង់សមត្ថកិច្ចពីសេវា ១ឡានពី១៩០០០ដុល្លារ សម្រាប់សមត្ថកិច្ច អាជ្ញាធរ ជំនាញ ថ្នាក់ធំរហូតថ្នាក់ក្រោមមានដល់តំលៃ ២២.០០០ដុល្លារ ទៅ២៣.០០០ដុល្លារ។
ប្រភពបន្តថា ផ្លូវជាតិដែលរដ្ឋាភិបាលខំស្ថាបនា គឺប្រឈមនឹងស្រុត ប្រេះស្រាំ ខូច បើឡានទម្ងន់១ឡានជិត១០០តោននោះ ពិសេសធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការភាគច្រើន ស្តាយស្រណោះផ្លូវ និងអាណិតប្រមុខដឹកនាំរដ្ឋាភិបាល ដែលខំកសាង និងអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ ប៉ុន្តែបែរជាមន្រ្តីអាជ្ញាធរនៅមូលដ្ឋានមួយចំនួនឃុបឃិតគ្នាធ្វើអំពើខុសច្បាប់ រួមគំនិតវគ្នាបំផ្លិចបំផ្លាញធនធានធម្មជាតិ ផ្ទុយទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល។

ប្រភពជាច្រើនបានឲ្យដឹងច្បាស់ថា ឈើទាំងនេះសុទ្ធតែត្រូវបានគេអារកាប់យកពីដែនឧទ្យានជាតិ និងដែនជម្រកសត្វទាំងអស់។
ប្រភពព័ត៌មានមួយទៀតបានបន្ថែមទៀតថា ចាប់តាំងពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ គឺនៅមុនចូលឆ្នាំខ្មែរ រថយន្តប្រភេទយីឌុបរបស់ឈ្មួញទុច្ចរិតនេះ បានដឹកឈើចេញ និងឆ្លងកាត់ខេត្តរតនគិរីឆ្ពោះទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី សរុបយ៉ាងហោចណាស់ចំនួន២៤៦គ្រឿង។

ចំណែកក្រោយពីពេលចូលឆ្នាំខ្មែររួច គឺចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រុមឈ្មួញដដែលនេះ បានដំណើរការបន្ត ហើយក្នុងយប់ថ្ងៃទី២៦ ខែមេសានេះ គឺដឹកចេញពីស្រុលវ៉ឺនសៃជាង១០ឡានយីឌុបទៀត ដោយឆ្លងកាត់ទីរួមខេត្តរតនគិរី ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ។

ប្រជាពលរដ្ឋ និងមន្រ្តីរាជការ នៅក្នុងខេត្តរតនគិរី សូមសំណូមពរឲ្យប្រមុខដឹកនាំចាត់ឲ្យមន្រ្តីស្មោះត្រង់ពិតប្រាកដ មកស្រាវជ្រាវពិនិត្យរឿងនេះ ដើម្បីឲ្យឃើញច្បាស់ពីស្ថានភាពផ្លូវខូចទ្រុឌទ្រោម ពីស្រុកអូរយ៉ាដាវ រហូតដល់ព្រំដែនកម្ពុជា-វៀតណាម ចំណែកផ្លូវនៅក្នុងស្រុកលំផាត់ គឺចេញពីក្រុមហ៊ុនដូងប្រេងដូនពេញអាទ្រីហ្គោ កាត់តាមឃុំសាមុតសេដា ទៅកាន់ស្រុបកែវ ខេត្តរតនគិរី ដែលត្រូវបានសាងសង់ដោយក្រុមកងវិស្វកម្ម គឺខូចខ្ទេចខ្ទី ដោយសារស្នាដៃឈ្មួញឈើល្មើសច្បាប់៕ សុខ ខេមរា

 


ចែករំលែក៖