ខេត្តពោធិ៍សាត់៖ ខេត្តពោធិ៍សាត់បានប្រារព្ធពិធីបុណ្យវិសាខបូជា នៅលើបូរីវប្បធម៌កោះសំពៅមាស និងរៀបចំក្បួនដង្ហែវិសាខបូជាប្រទក្សិណក្នុងក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ក្រោមការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត ជាតំណាងអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រះសង្ឃ តាជី យាយជី ឧបាសក ឧបាសិកាទូទាំងខេត្ត ប្រមាណជាង៤ពាន់អង្គ/នាក់។
វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័តនិងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩។ ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះ គឺការប្រសូត ការត្រាស់ដឹង និងការចូលនិព្វាន។
ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ (អានថា សិត-ធ័ត) ដែលជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទនៈ។ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជាព្រះសម្មាសម្ពុទ្ធ, ព្រះសមណគោតម, ព្រះជិនស្រី, ព្រះសក្យមុនី, ព្រះបរមគ្រូ, ព្រះសាស្តា ជាដើម។ ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជចំនួន ៦២៣ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។ ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ នាវេលាទៀបភ្លឺ។ ព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ៏ ពេញបូណ៌មី ខែវិសាខ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ព្រះវស្សា។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារអស់រយៈពេល ២៥៦១ឆ្នាំហើយ។
យើងសង្កេតឃើញថា ព្រះសាស្តា ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខដូចគ្នា គឺខុសតែឆ្នាំប៉ុណ្ណោះ។ ដូច្នេះបុណ្យវិសាខបូជា គឺតំណាងឲ្យ «ថ្ងៃទាំងបី» នេះ៕ ប៉ឹម ពិន