ខេត្តសៀមរាប ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីត យុទ្ធជនកម្ពុជាបានថ្លែងប្តេជ្ញាថា នឹងប្រឹង ប្រែងអស់កម្លាំងកាយចិត្ត ដើម្បីចុះដោះ ស្រាយរាល់ទុក្ខលំបាករបស់អតីតយុទ្ធជន និងជួយឲ្យការរស់នៅរបស់ពួកគាត់កាន់តែល្អប្រសើរ។
ការប្តេជ្ញារបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងល្ងាចថ្ងៃពុធ ៣រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ នឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ក្នុង ពេលចុះជួបសំណេះសំណាល និងបំពាក់ មេដាយការពារជាតិជូនសមាជិកអតីត យុទ្ធជនស្រុកពួក ខេត្តសៀមរាប៦៦៥ នាក់។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ឈឹម ម៉ា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ត្រូវបានគេមើលឃើញថា បានចុះធ្វើសកម្មភាពយ៉ាងសកម្មទៅទូទាំង២៥រាជធានី-ខេត្ត ហើយបានចុះទៅដល់កន្លែងរស់នៅ របស់អតីតយុទ្ធជនថែមទៀតផង ដើម្បី ពិនិត្យពីស្ថានភាពរស់នៅរបស់អតីតយុទ្ធជន និងដោះស្រាយនូវទុក្ខលំបាកផ្សេងៗរបស់អតីតយុទ្ធជន។ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នោះ នាយឧត្តម សេនីយ៍ តែងបានស្នើសុំគោល ការណ៍សម្រេចភ្លាមៗពីសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ផ្ទះសម្បែង ឬដោះស្រាយ បញ្ហាផ្សេងៗទៀតជូនអតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែង បញ្ជាក់ថា ជិតបីឆ្នាំមកនេះយើងបានខិតខំដោះស្រាយទុក្ខលំបាកជូនបងប្អូនបានជាបន្តបន្ទាប់ដូចជាការបើកប្រាក់បេឡា មរណៈសង្គ្រោះបានទាន់ពេលវេលា ដែល ពី មុនមានការយឺតយ៉ាវ។ ដឹកនាំធ្វើបច្ចុប្បន្ន ភាព ចុះឈ្វែងយល់ពីសុខទុក្ខបងប្អូននៅគ្រប់មូលដ្ឋានរកឃើញអ្នកដែលទាល់ក្រ ដើម្បីរកដី និងសាងសង់ផ្ទះជូនភ្លាមៗក្រោយមានការសម្រេចពីសម្តេចតេជោ ។
ពួកយើងខ្ញុំជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា តែងបានធ្វើចលនាស្វែងរកប្រាក់ឧបត្ថម្ភនានាពីសប្បុរសជន ដែល ក្នុងនោះសម្តេចតេជោ តែងបានជួយឧបត្ថម្ភជារៀងរាល់ឆ្នាំក្នុងទិវាស្តីពីអតីតយុទ្ធជន កម្ពុជា ។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់បន្ថែម។
ក្នុងកិច្ចសំណេះសំណាលនាល្ងាចថ្ងៃ ដដែលនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានសុំឲ្យបងប្អូនអតីតយុទ្ធជនត្រូវចេះ ជួយគ្នាពេលមានធុរៈ។
អ្នកស្រី ហ៊ុន ឡី ត្រូវជាគ្រួសារសព លោកអនុសេនីយ៍ឯក ដួង ច័ន្ទធី យោធិន ពិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ឃុំ ស្រុក ដែលបានយកចិត្តទុកដាក់នៅពេលប្តីគាត់មានជំងឺ ដោយដឹកបញ្ជូន ទៅមន្ទីរពេទ្យ ព្យាបាលអស់ពីចិត្ត។ តែជា អកុសលស្វាមីគាត់នៅតែស្លាប់ដោយសារគាំងបេះដូង តែក៏ត្រូវបានសមាគមអតីតយុទ្ធជនខ្នះខ្នែងជួយរៀបចំពិធីបុណ្យ ដោយមានលោកអភិបាលស្រុក ដែលជា ប្រធានកិត្តិយស កងកម្លាំងទាំងបី មេឃុំ មេប៉ុស្តិ៍ នាំយកថវិកាមរណៈសង្គ្រោះ មកជូន ព្រមទាំងលិខិតរំលែកទុក្ខថែម ទៀងផង។
អ្នកស្រីបានបង្ហាញថាខ្លួនមគាត់មាន អារម្មណ៍កក់ក្តៅនៅពេលបានសមាគម អតីតយុទ្ធជន ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានគិតគូរដល់ទុក្ខលំបាករបស់អតីតយុទ្ធជនបែបនេះ៕ ហេង សូរិយា