ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលចរាចរដែលទារប្រាក់ជនបរទេសបើកបរម៉ូតូខុសភ្លើងសញ្ញាចរាចរណ៍ត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានមតិរិះគន់ពី មហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចែករំលែកតៗគ្នាកាលពីពេល កន្លងទៅពាក់ព័ន្ធទៅលើមន្ត្រីនគរបាល ចរាចរ២រូបដែលបានទារប្រាក់ពីជនបរទេសដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ ដោយមន្ត្រីនគរបាលទាំង២នាក់ទារប្រាក់ចំនួន២០ដុល្លារជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ ឥឡូវមន្ត្រីនគរបាលចរា ចរទាំង២រូបនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិហើយ ។

លោកវរសេនីយ៍ឯក សែម គន្ធា នាយ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៨ថា មន្ត្រីនគរបាលចរាចរទាំង២ នាក់ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះត្រូវផ្អាកការងារបណ្តោះអាសន្ននៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។

ចំពោះចំណាត់ការយ៉ាងណានោះលោកបានសុំគោលការណ៍ពីនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិផងដែរ ។

លោកនាយការិយាល័យបានបន្ថែមថា មន្ត្រីនគរបាលចរាចរទាំង២នាក់ខាងលើបានប្រព្រឹត្តខុសនូវវិន័យកម្លាំងលេខ ០០៦របស់នគរបាលជាតិដោយផាកពិន័យលើសគោលការណ៍និងមិនបានចេញវិក្កយបត្រដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលផ្សេងទៀត ។

បច្ចុប្បន្នការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានចាត់វិធានការយ៉ាងតឹងរឹង ព្រមទាំងផ្អាកការងារជាបណ្តោះអាសន្ន ចំពោះមន្រ្តីទាំង២រូបនេះ ហើយបានកសាងសំណុំរឿងស្នើសុំគោលការណ៍ពីនាយ ឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផងដែរ ។

ក្នុងនោះដែរនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានមានប្រសាសន៍បន្ថែមថា មន្ត្រីនគរបាលចរាចរទូទាំងរាជធានីភ្នំពេញត្រូវបានទទួលការលើកទឹកចិត្តនិងឧបត្ថម្ភពីសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ និងលោកអភិបាល នៃគណៈភិបាលរាជធានីភ្នំពេញក៏ដូចជាសេចក្តីណែនាំក្រើនរំលឹកពីនាយឧត្តម សេនីយ៍ស្នងការផ្ទាល់ផងដែរ ។

ជារួមនាយឧត្តមសេនីយ៍អគ្គស្នងការ រងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានមន្ត្រីនគរបាលណាម្នាក់អនុវត្ត ឬប្រព្រឹត្តបទល្មើសផ្ទុយពីសេចក្តីថ្លៃថ្នូរ សុជីវធម៌ ក្រមសីលធម៌ជាមន្ត្រីកងកម្លាំង នគរបាលជាតិឡើយ ។

ចំពោះទង្វើរបស់មន្ត្រីនគរបាលទាំង២ នាក់ខាងលើលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ មិនអាចអប់រំណែនាំបន្តទៀតនោះ ទេគឺលោកគោរពស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបណ្តេញ ចេញពីក្របខ័ណ្ឌនគរបាលជាតិតែម្តង ៕ ហេង សូរិយា


ចែករំលែក៖