ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូជ្រុះស្លាកលេខបណ្តាលឲ្យយុវជន៤នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកបត់ឆ្វេងដៃឆ្លងផ្លូវជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យយុវជន៤នាក់រងរបួសធ្ងន់ស្រាល ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ បន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ កែងនិងផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតូយូតា សាយអន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7386 បើកបរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃមកផ្លូវលេខ១៩៨៦ បានជ្រុលចង្កូទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-9105 បើកបរ និងរួមដំណើរដោយយុវជន៤នាក់ បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងពេញទំហឹង បណ្តាលឲ្យអ្នកទាំង៤នាក់បោកទៅនឹងថ្នល់ រងរបួសធ្ងន់៣នាក់ ស្រាលម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិក ហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយហេតុ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកស្លាកលេខរថយន្តនៅជនរងគ្រោះអង្គុយកាន់នឹងកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរចុះមកដល់កន្លែងកើតហេតុយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវទៅតាមស្លាកលេខដែលបានបន្សល់ទុកនៅកន្លែងកើតហេតុដើម្បីស្វែងរកអ្នកបើករថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖