ខេត្តបាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារតែបោះកូនកាំបិតឱ្យចៅប្រុសរបស់ខ្លួនចាក់ទៅលើស្ត្រីម្នាក់ ដែលជាគូសត្រូវរបស់ខ្លួនបណ្ដាលឱ្យរបួសធ្ងន់់
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃ អាទិត្យ ៧ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រស់ ឃំុតាលាស់ ស្រុកមោងប្ញស្សី ។
មន្ត្រីនគរបាលស្រុកមោងប្ញស្សីឱ្យដឹងថា ស្រ្តីសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះឆាំ ភី អាយុ៥២ឆ្នាំ រីឯចៅប្រុសដែលខ្លួនបោះកាំបិតឱ្យចាក់គូសត្រូវឈ្មោះពេក ផាន់ណា ភេទប្រុស អាយុ០៦ឆ្នាំ ។ មន្ត្រីដដែលបន្តថា ស្ត្រីឈ្មោះឆាំ ភី បានរងការចោទប្រកាន់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយសារតែគាត់បានបោះកូនកាំបិតឱ្យទៅចៅយកទៅចាក់ស្ត្រីម្នាក់ ឈ្មោះគ្រុយ សុខា អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃំុជាមួយគ្នាខាងលើ ត្រូវក្រោមឆ្អឹងជំនីរខាងស្តាំបណ្ដាលឲ្យរបួសធ្ងន់ ខណ:ដែលកំពុងឈ្លោះប្រតាយប្រតប់គ្នា នៅចំណុចភូមិខាងលើ។
មកដល់ពេលនសមត្ថកិច្ចកំពុងសួរនាំស្ត្រីឈ្មោះឆាំ ភី នៅអធិការនគរបាលស្រុក តែមន្ត្រីជំនាញត្រៀមកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ស្នងការខេត្ត រីឯចៅប្រុសអាយុ៦ឆ្នាំដែលប្រព្រឹត្តផ្ទាល់ សមត្ថកិច្ចគ្រាន់តែហៅមកសួរនាំតែប៉ុណ្ណោះ ហើយឱ្យត្រឡប់ទៅផ្ទះវិញមិនទាន់មានចំណាត់ការឡើយ ៕ សហការី