ព័ត៌មានទាន់ហេតុការណ៍៖

ស្នេហាពិតជាពិសពុលមែន! យុវជនម្នាក់ខូចចិត្តរឿងស្នេហាចងកសម្លាប់ខ្លួនចោលឪពុកម្ដាយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ហេតុតែមានវិបត្តិស្នេហាដោះស្រាយមិនចេញបណ្ដាលឲ្យយុវជនម្នាក់គិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកឲ្យអ្នកភូមិជួយ សង្គ្រោះកូនប្រុស ប៉ុន្តែអកុសលយឺតពេលទៅហើយ បានត្រឹមតែសោកស្ដាយប៉ុណ្ណោះ ។

ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៦”០០នាទីព្រឹក នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា យុវជនដែលគិតខ្លី(ចងកសម្លាប់ខ្លូន) មានឈ្មោះ ត្រូវ សុខា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

តាមក្រុមគ្រួសារបានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសគាត់ស្លូតណាស់ មិនចេះមាត់កនោះទេ ដោយប្រើឲ្យធ្វើការងារអ្វី ក៏ធ្វើដែរ និងឧស្សាហ៍ចេះជួយទុក្ខធុរៈឪពុកម្ដាយមិនឲ្យទាស់ចិត្តនោះទេ ។

ប៉ុន្តែក្រោយមកប្រមាណជាមួយអាទិត្យមុន កូនប្រុសចេះតែមានទឹកមុខស្រងូតស្រងាត់ មិនសូវនិយាយស្ដី ខណៈគាត់បានសួរនាំទើបដឹងថា មានស្នេហាស្រឡាញ់ស្រីម្នាក់ ប៉ុន្តែគេមិនស្រឡាញ់ខ្លួននោះទេ ។

ប្រភពបន្តថា លុះនៅថ្ងៃកើតហេតុ ពេលព្រឹកស្រាប់តែបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញកូនប្រុសចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក ដោយយកខ្សែចងនឹងធ្នឹមឈើមិនដឹងតាំងពីពេលណានោះទេ ។

ក្រោយពីមានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារ សមត្ថកិច្ចមូលដ្ឋាន ពឹងផ្អែកតាមការពិនិត្យរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបានសន្និដ្ឋានថា: ការស្លាប់របស់យុវជនគិតខ្លីដោយសាចងកពិតប្រាកដមែន ដោយរកមិនឃើញមានស្លាកស្នាមសំគាល់អ្វីថាជារឿងឃាដកម្មនោះទេ ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងល្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖