ភ្នំពេញ៖ មកដល់រសៀលថ្ងៃទី៨ ឧសភានេះថា ជនរងគ្រោះជាង១០០នាក់ ក្នុងករណីពុល នៅនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានបញ្ជូនទៅផ្ទះវិញ ជាបណ្ដើរៗហើយក្រោយ ពីទទួលការព្យាបាល និងមានអាការៈធូរ ស្រាលឡើងវិញនៅមន្ទីរពេទ្យ។ នេះបើតាមការបញ្ជាក់ពីលោក លោក វ៉ា ថន អភិបាលខេត្តក្រចេះបានឲ្យដឹង។
ក្នុងរបាយការណ៍របស់ មន្ទីរសុខាភិបាលខេត្តក្រចេះបាន បញ្ជាក់ថា លទ្ធផលគិតត្រឹមព្រឹកថ្ងៃ៨ ខែ ឧសភានេះ មានអ្នកពិគ្រោះយោបល់ចំនួន ២៩៣នាក់ (ស្រី ១៧១នាក់) សម្រាកក្នុងមន្ទីរពេទ្យ ២៣៧នាក់( ស្រី១១៨នាក់) ។ បើយោងតាមការសិក្សារបស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងមន្ទីសុខាភិបាលខេត្តក្រចេះ រកឃើញរោគសញ្ញាពុលមាន ៥៨នាក់ (ស្រី៣៥នាក់) ស្លាប់១៣ នាក់ (ស្រី៨នាក់) និងអ្នកជំងឺធូរស្រាលវិលត្រឡប់ទៅផ្ទះវិញមានចំនួន១២៣នាក់ (ស្រី៤៩នាក់)។
បើតាមការពិសោធវិញករណីនេះសង្ស័យពុលស្រាស និងទឹកព្រែក ជាលទ្ធផល នៃការធ្វើតេស្តវិភាគបឋមនៅនឹងកន្លែង និង ក្នុងមន្ទីរពិសោធន៍នៃ «វិទ្យាស្ថានស្តង់ដារកម្ពុជា» របស់ក្រសួងឧស្សាហកម្ម និង សិប្បកម្ម លើសំណាកស្រា ស និង ទឹកក្នុងព្រែកទេរ ឃើញថា- សំណាកស្រា ស មានសារធាតុមេតាណុល ១១,២២ % (កំរិតស្តង់ដារអនុញ្ញាតខ្ពស់បំផុតត្រឹម ០,១៥ %) ។
សំណាកទឹកព្រែកទេរ មានសារធាតុក្រូម (Chromium) ១៧៣ មីក្រូក្រាមក្នុងទឹកមួយលីត្រ (កំរិតស្តង់ដាអនុញ្ញាតត្រឹម ៥០ មីក្រូក្រាម) និង សារធាតុនីទ្រីត ៧,២៣ មីលីក្រាមក្នុង ទឹកមួយលីត្រ (កំរិតស្តង់ដា ៣ មីលីក្រាមក្នុងទឹកមួយលីត្រ) ។
រដ្ឋបាលខេត្តក្រចេះ បានណែនាំបញ្ឈប់ ការប្រើប្រាស់ទឹកព្រែកទេរ និង ទឹកតាមដៃព្រែកទេរ និង បញ្ឈប់ការទទួលទាន និងចែកចាយស្រា ស ដែលមានជាតិពុល រហូតដល់មានការ ធានាសុវត្ថិភាពឡើងវិញ ដែលរដ្ឋបាលនឹងជូនដំណឹងនៅពេលក្រោយ៕ សហការី