ខេត្តប៉ៃលិន ៖ ភ្លៀងធ្លាក់ជាប់ៗគ្នាចាប់ តាំងពីចុងខែមេសាបន្តដល់ពេលនេះនៅ ភាគពាយ័ព្យជាប់ព្រំដែនថៃបង្កជាទឹកជំនន់ នៅខេត្តបាត់ដំបង, ប៉ៃលិន, បន្ទាយមាន ជ័យ, ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ក្នុង នោះខេត្តប៉ៃលិនរងគ្រោះលិចលង់ខ្លាំង ជាងគេ។ នេះបើតាមលោក កែវ វី នាយក ខុទ្ទកាល័យនិងជាអ្នកនាំពាក្យគណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
នៅខេត្តប៉ៃលិនភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានជន់លិចតំបន់មួយចំនួនក្នុងឃុំស្ទឹងកាច់ និងឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ភ្លៀងធ្លាក់ខ្លាំងនៅ តំបន់ជើងភ្នំខៀវ និងផ្នែកខ្លះនៃក្រុងប៉ៃលិន ក៏បានបង្កឲ្យតំបន់មួយចំនួននៅតាមដង អូរតាពុក ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុង ប៉ៃលិនបានរងការលិចលង់ដោយជំនន់ ទឹកភ្លៀងជាថ្មីម្តងទៀត ។
លោក កែវ វី នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ភ្លៀងច្រើនជាប់ៗគ្នាប៉ុន្មានថ្ងៃនេះបានបង្កការលិចលង់នៅតំបន់ព្រំដែនក្នុងខេត្តប៉ៃលិនបណ្តាលឲ្យ លិចផ្ទះលិចផលដំណាំ និងផ្លូវខ្លះ។ ប៉ុន្តែមិន ប៉ះពាល់ធ្ងន់ធ្ងរទេដោយសារតែជាជំនន់ ទឹកភ្លៀងនេះឆាប់លិចតែក៏ឆាប់ស្រកគឺមក មួយសាៗក៏ហូរធ្លាក់ទៅវិញ ។
លោក កែវ វី បានបន្តថា ក្រៅពីទឹកភ្លៀង នៅខេត្តជាប់ព្រំដែនថៃ ពិសេសនៅខេត្ត ប៉ៃលិនក៏ទទួលរងទឹកហូរមកពីប្រទេសថៃផងដែរ។ នៅពេលនេះអាជ្ញាធរមូលដ្ឋាន មិនទាន់បូកសរុបការខូចខាតនៅឡើយ ទេ។ ជំនន់ទឹកភ្លៀងនេះអាចធ្វើឲ្យដំណាំ ដំឡូងខូចខាតខ្លះ តែបើដំណាំស្រូវមិនរង ការខូចខាតទេ ។
យ៉ាងណាក៏ដោយលោក កែវ វី បញ្ជាក់ ថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះ ពិសេស នៅខេត្តជាប់ព្រំដែនថៃ និងខេត្តប៉ៃលិនមិន មានអ្នករងគ្រោះរហូតដល់ស្លាប់ទេ ។
ក្រសួងធនធានទឹក និងឧតុនិយមបាន ប្រកាសថា ភ្លៀងធ្លាក់រាយប៉ាយអាចបង្កជា ជំនន់ទឹកភ្លៀងនឹងកើតឡើងនៅតាម បណ្តាខេត្តមួយចំនួនរួមទាំងនៅរាជធានី ភ្នំពេញរហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៨ ។
កាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងទិវាកាកបាទ ក្រហមសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនដែលរស់នៅតាមតំបន់ទន្លេត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភាពធម្មជាតិ ដូចជាគ្រោះទឹកជំនន់ដែលអាចកើតមានឡើងជាយថាហេតុណាមួយ ។
សម្តេចតេជោបានបន្តថា បើតាមការ ព្យាករអាកាសធាតុគឺទឹកឆ្នាំនេះនឹងឡើងធំ។ ដូច្នេះសម្តេចតេជោសូមឲ្យអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ព្រមទាំងអាជ្ញាធរគ្រប់ គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជាត្រូវត្រៀមបម្រុងនិងត្រៀមលក្ខណៈដោះស្រាយ នៅពេលមានគ្រោះមហន្តរាយ ណាមួយកើតមានឡើង ៕ ហេង សូរិយា