ខេត្តមណ្ឌលគិរី៖ បន្ទប់ដាក់ប្រេងសាំងក្នុងអគារស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុនចម្ការកៅស៊ូរបស់វៀតណាមមួយឈ្មោះថា ក្រុមហ៊ុនប៊ិញហ្វឿក ឆេះហ្មត់ដោយសារ គ្រោះធម្មជាតិរន្ទះបាញ់ តែមិនមានរងគ្រោះដល់អាយុជីវិតមនុស្ស។
ហេតុការណ៍រន្ទះបាញ់ឆេះឃ្លាំងស្តុកប្រេងនេះ បានកើតឡើងនៅម៉ោងប្រមាណជា១១ និង៤០នាទីយប់ ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិពូគង ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ប្រភពពីបុគ្គលិករបស់ក្រុមហ៊ុនប៊ិញហ្វឿកដែលរងគ្រោះនេះ បានឲ្យដឹងថា នៅមុនកើតហេតុមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំផ្គររន្ទះអស់រយៈពេលជាច្រើនម៉ោងស្រាប់តែកើតមានរន្ទះបាញ់ចំអគាររស្នាក់នៅនោះតែម្តង។
ប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងដែរថា ក្នុងអគ្គីភ័យដោយសាររន្ទះបាញ់នេះបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួនដូចជា: ផ្ទះស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុនទំហំ៥ម៉ែត្រគុណ២៥ម៉ែត្រចំនួន១ខ្នង។
ឃ្លាំងស្តុកសម្ភារៈមួយខ្នង ប្រេងសាំង និងប្រេងម៉ាស៊ូតចំនួន២០ពីដុង ម៉ាស៊ីនភ្លើងចំនួនមួយគ្រឿងម៉ូតូចំនួនមួយគ្រឿងហើយជី និងថ្នាំកសិកម្ម(មានតម្លៃប្រមាណ១ម៉ឺនដុល្លារ)ទៀតផងដែរ។
ក្នុងហេតុការណ៍គ្រោះធម្មជាតិភ្លៀងផ្គររន្ទះបាញ់ចំឃ្លាំងស្តុកសម្ភារឆេះអស់ទាំងស្រុងនេះមែន តែមិនបានបណ្តាលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ៕ ជីវ័ន្ត