ភ្នំពេញ៖ យុវជនម្នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួនដាក់ខ្នោះ ក្រោយពីរូបគេបានប្រព្រឹតបទល្មើស លួចយកកាបូបស្ពាយរបស់អ្នកដទៃ ក្នុងបំណងយកសម្ភារទៅលក់ ឬបញ្ចាំហើយពេលបានលុយយកទៅលេងល្បែងស៊ីសង ។
ករណីនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចតារាងបាល់ទាត់យីហោ ផោនថោន ផ្លូវបេតុង ភូមិទ្រុងមាន់សង្កត់អូបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យមានឈ្មោះ យាន រិទ្ធីយ៉ា(ហៅប៉ម់) ភេទប្រុស អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៦៦ផ្លូវបេតុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកជនរងគ្រោះមានឈ្មោះ បេ សុខសាន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងជាមួយនិងមិត្តភក្តិដោយមានស្ពាយកាបូប ពណ៌ខ្មៅហើយក្នុងនោះមានទូរស័ព្ទដៃ១គ្រឿងម៉ាកអាហ្វូនសេវេនផ្លើសផងដែរ ។ ពេលជិះទៅដល់តារាងបាល់ទាត់ចំណុចខាងលើខ្លួនបានទុកម៉ូតូនិងកាបូបស្ពាយនោះនៅនិងកន្លែងផ្ញើម៉ូតូហើខ្លួនពីនាក់មិត្តភក្តិ ក៏នាំគ្នាទៅលេងបាល់ទាត់ ។ ក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ យាន រិទ្ធីយ៉ា(ហៅប៉ម់) បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីនិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1CZ8654 ចូលមកកន្លែងតារាងបាល់ទាត់នោះ ហើយជនសង្ស័យបានឃើញកាបូបស្ពាយរបស់ជនរងគ្រោះនៅនឹងម៉ូតូ ក៏ធ្វើសកម្មភាពលួចយកកាបូបនោះ រួចដើចេញបានប្រហែលជា១០ម៉ែត្រជនរងគ្រោះ ក៏ក្រឡេកឃើញជនសង្ស័យដើចេញទៅហើយជនរងគ្រោះបានស្រែកថា ចោរៗធ្វើឲ្យប្រជាពលរដ្ឋនៅជិតនោះនាំគ្នាជួយដេញចាប់ជនសង្ស័យបានយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកាបូបស្ពាយរបស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនធ្លាប់ធ្វើសកម្មភាពលួយនេះចំនួន៤ដងរួចមកហើយ ក៏ព្រោះតែខ្លួនលង់នឹងល្បែងស៊ីសង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខដើម្បី កសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ ៕ តុង សីហា