នៅក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ព្រឹកមិញនេះ ដោយបានមើលឃើញពីកង្វះខាតអគារសិក្សាសម្រាប់កូនក្មួយៗនៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អំណោយ សាលាបឋមសិក្សា និងវិទ្យាល័យទឹកហូត ដែលស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។
ចំពោះអគារវិទ្យាល័យគឺមានចំនួន១ខ្នង កម្ពស់៣ជាន់ មាន១៨បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់។ ចំពោះអគារស្នាក់នៅរបស់សិស្ស គឺមានចំនួន១ខ្នង ២ជាន់ មាន១០បន្ទប់ ព្រមទាំងរៀបចំទីធ្លារនៅក្នុងសាលា និងកន្លែងលេងកីឡាផងដែរ។ សម្រាប់បឋមសិក្សាវិញ គឺមានអគារទីចាត់ការ១ខ្នង មាន៣បន្ទប់ និងរៀបចំទីធ្លាបេតុង និងកន្លែងលេងកីឡា។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខកូនក្មួយសិស្សានុសិស្ស គ្រប់ទីកន្លែង។ សម្តេចទាំងទ្វេមិនទុកអោយកូនក្មួយអត់សាលារៀនឡើយ។ សូមកូនក្មួយសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ៕