ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ្វ័ត សង្ស័យម្ចាស់ស្រវឹងបើកលឿនបុករទេះលក់ភេសជ្ជៈ រួចអ្នកបើកបររត់បាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងរថយន្តស៊េរីទំនើបនិងរទេះលក់ភេសជ្ជៈ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស គ្រាន់តែរងការខូចខាតសម្ភារៈមួយចំនួនធំ ខណៈដែលបុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ បានបើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាកហ្វ័ត ​​បោះពួយ​យ៉ាង​លឿន​រួច​ក៏​រេ​ចង្កូត​ទៅ​បុក​រទេះ​លក់​ភេសជ្ជៈ​នៅ​លើ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​ ហើយម្ចាស់រថយន្ត​រត់គេចបាត់ស្រមោល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្តុ​ប​មជ្ឍមណ្ឌលម៉ុងឌីយ៉ា តាម​បណ្តោយ​ផ្លូវលេខ​២៣០​កែង​នឹង​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​ស៊េរីទំនើបមួយ​គ្រឿង ម៉ាកហ្វ័ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-០២៧០ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៣០​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​បុក​នឹង​រទេះ​ដែល​គេ​ដាក់​លក់​ភេសជ្ជៈ​នៅ​លើ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​ភេសជ្ជៈ​ដែល​គេ​ដាក់​លក់​ខ្ទាត​រាយ​ពាយ​ពេញ​ផ្លូវ​តែម្តង ។

បន្ទាប់មករថយន្ត​បង្ក​មិន​បាន​ឈប់​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នាជាមួយភាគីជនរងគ្រោះ​នោះ​ទេ គឺ​ព្យាយាមបើក​រត់គេច​ខ្លួន​ទៅ​ទៀត​ទាំង​កៀប​ជាប់​រទេះ​នៅ​ពីមុខ​រថយន្ត​អូស​ជាង​៥០០​ម៉ែត្រ​ទើប​រទេះរ​បួ​ត​ចេញពី​រថយន្ត​បង្ក ។ ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​កាង​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ​តែ​រថយន្ត​បង្ក​នៅ​តែ​មិន​ព្រម​ឈប់​នៅ​តែ​បន្តដំណើរ​បើក​រត់គេច​ខ្លួន​ទៅ​មុខ​បន្ត​ទៀត​មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូត​ទៅ​ដល់​ខាង​មុខ​ភោជនីយដ្ឋាន ហ្គោ​ល​ស៊ី​ត​ធី តាម​បណ្តោយ​ផ្លូវ​២០២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ទើប​រថយន្ត​បង្ក​ព្រម​ឈប់​រថយន្ត ដោយឡែក​អ្នក​បើករថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​ខាងលើ​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ​ដើម្បី​រង​ចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះ​គ្នាតាមច្បាប់ ៕ ស តារា


ចែករំលែក៖