ខេត្តកណ្ដាលៈ បុរសម្នាក់បានចេញទៅមើលល្ខោនជាមួយបងប្អូននៅក្នុងភូមិ លុះត្រឡប់មកវិញបានដេកស្លាប់នៅខាងក្រោមផ្ទះដោយសង្ស័យថា ជាករណីខ្យល់គរ ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២៣និង១០នាទីយប់ ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ថា ពីសី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា តាមការៀបរាប់របស់ឈ្មោះ ឈឿន ឡាត់ ជាបងប្អូនជីដូនមួយជនរងគ្រោះបានឲ្យដឹងថា រយះពេលប្រហែល២០ឆ្នាំមកហើយ ដែលជនរងគ្រោះបានមករស់នៅផ្ទះជាមួយរូបគាត់ ព្រោះជនរងគ្រោះជាកូនកំព្រាឪពុកម្តាយពុំមានប្រពន្ធកូនឡើយ ។ លុះមដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះបានដើរចេញពីផ្ទះតែម្នាក់ឯង ទៅមើលល្ខោនបាសាក់ក្នុងពិធីបុណ្យឆ្លងមេរុ ចំណុចទួលគ្រប់លក្ខ័ ភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ។
លុះដល់វេលាម៉ោងប្រមាណជាង២២យប់ ថ្ងៃដដែលជនរងគ្រោះបានត្រឡប់មកវិញ រួចចូលដេកនៅក្រោមសំយ៉ាបផ្ទះ ខណៈឈ្មោះ ឈឿន ឡាត់ ជាបងប្អូនជីដូនមួយបានត្រឡប់មកពីមើលល្ខោនវិញ ក៏បានដាស់ជនរងគ្រោះ តែដាស់មិនភ្ញាក់ក៏ចូលទៅស្ទាបមើលស្រាប់តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ភ្លាមនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចជំនាញ ចុះមកពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរបា្រកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។
ក្រោយពីពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ