ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅស្នើឲ្យលោក_លោកស្រី ជាចៅសង្កាត់យកចិត្តទុកដាក់លើបញ្ហាសំរាម

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត ជាថ្មីម្តងទៀតអាជ្ញាធរខណ្ឌច្បារអំពៅដែលមានលោកចេង មុនីរ៉ា ជាអភិបាលខណ្ឌបានស្នើឲ្យលោក_លោកស្រីជាចៅសង្កាត់ ត្រូវរកវិធីសាស្ត្រយ៉ាងណាដើម្បីបញ្ជ្រៀបការយល់ដឹងដល់ប្រជាពលរដ្ឋកុំឲ្យបោះចោលសម្រាមពាសវាលពាសកាលព្រោះធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសធ្វើឲ្យមូលដ្ឋានខណ្ឌក៍ដូចជារាជធានីភ្នំពេញបាត់បង់សោភ័ណ្ឌ ។

កន្លងមកបញ្ហាសន្តិសុខ បញ្ហាសណ្តាប់ធ្នាប់សាធារណៈ បញ្ហាបរិស្ថាន ត្រូវបានដាក់ចេញជាផែនសកម្មភាពអនុវត្តជាប្រចាំ តែលទ្ធផលដែលទទួលបានមិនទាន់សមប្រកបទៅតាមការចង់របស់រដ្ឋខណ្ឌច្បារអំពៅនោះឡើយ មកដល់ពេលនេះការងារសន្តិសុខ សណ្តាប់ធ្នាប និងបរិស្ថាន នៅតែជាប្រធានបទដែលត្រូវដាក់ចេញដើម្បីអនុវត្តជាប្រចាំដដែល ។

សំណើនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកស្រី ឯក យ៉ានី អភិបាលរងតំណាងអភិបាលខណ្ឌ និងមានការចូលរួមពីលោក_លោកស្រី ជាចៅសង្កាត់ទាំង៨ មន្ត្រីក្រុមការងារគ្រប់ផ្នែក គ្រប់ការិយាល័យ ចំណុះឲ្យរដ្ឋបាលខណ្ឌ ។

នៅក្នុងកិច្ចប្រជុំនេះលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ បានថ្លែងកោតសរសើរដល់គណៈអភិបាលដែលបានយកចិត្តទុកដាក់លើការងារសន្តិសុខ ការងារចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ និងការងារបរិស្ថាន ដោយដឹកនាំកម្លាំងចុះធ្វើការងាររដ្ឋបាលទាំងថ្ងៃ ទាំងយប់ ទោះបីជាមេឃភ្លៀង ខ្យល់ ក៍នៅតែធ្វើ ។ តែអ្វីដែលជាការចង់បានទៀតនោះ សូមឲ្យគណៈអភិបាលបន្តធ្វើសកម្មភាពពង្រឹងការងារសន្តិសុខ ការងារសណ្តាប់ធ្នាប់ និការងារបរិស្ថាន ដើម្បីទីក្រុងស្អាត សណ្តាប់ធ្នាប់ល្អ និងបរិស្ថានល្អ ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមប្រឹក្សាខណ្ឌលោកស្រីឯក យ៉ានី អភិបាលរង តំណាងលោកអភិបាលខណ្ឌ បានជំរុញឲ្យលោក_លោកស្រី ជាចៅសង្កាត់ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ ការងារសណ្តាប់ធ្នាប់ និងការងារបរិស្ថាន នៅក្នុងមូលដ្ឋានសង្កាត់របស់ខ្លួនគ្រប់គ្រង ជាពិសេសការងារសំរាមត្រូវរកវិធីយ៉ាងណាដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និបធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងការងារទុកដាក់សំរាម ។ សព្វថ្ងៃនេះការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកំរិត ដូច្នេះសូមអស់លោកជាចៅសង្កាត់ត្រូវបញ្ជ្រៀបការយល់ពីបរិស្ថានដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ មួយផ្នែកទៀតសូមអាជ្ញាធរសង្កាត់រួមគ្នាសំអាតបរិស្ថានជាប្រចាំដើម្បីពន្ញាក់ស្មារតីដល់ប្រជាពលរដ្ឋកុំបោះចោលសំរាមនិងកាកសំណល់ផ្សេងៗនៅតាមទីធ្លាសាធារណៈ ត្រូវវេចខ្ចប់ ញែកសំរាមឲ្យបានត្រឹមត្រូវ និងទុកដាក់នៅកន្លែងដែលអាជ្ញាធរបានកំណត់ ព្រោះងាយស្រួលដល់ក្រុមការងារប្រមូលសំរាមចុះទៅប្រមូលដាក់រថយន្តដឹកសំរាម សូមកុំបោះចោលពាសវាលពាសកាលតទៅទៀតព្រោះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងបរិស្ថាន ។

ជាមួយគ្នានេះលោកស្រី ឯក យ៉ានី អភិបាលរងខណ្ឌ សូមអំពាវនាវដោលទទូចដល់ប្រជាពលរដ្ឋ សូមកុំយកសំរាមនិងកាកសំណល់ផ្សេងៗទៅបោះចោលតាមទីសាធារណៈត្រូវទុកដាក់នៅតាមកន្លែងដែលអាជ្ញាធរបានកំណត់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនស៉ីនទ្រីចុះទៅប្រមូល មិនធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានឡើយ ការធ្វើបែបនេះមានន័យថាបងប្អូនប្រជាពលរដ្ឋបានចូលរួមជាមួយអាជ្ញាធរក្នុងការថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់ ៕ សណ្តោស


ចែករំលែក៖