ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់ បើកម៉ូតូឌ្រីមសង់មកភ្ជង់រួចបាញ់១គ្រាប់គំរាមប្លន់ យកម៉ូតូបានសម្រេចជិះគេចខ្លួនដោយសុវត្ថិភាព ខណៈជនរងគ្រោះបើកម៉ូតូមួយគ្រឿងចេញពីកន្លែងលក់បាយ នៅក្បែរបន្ទាយទាហ៊ាន៩៩ ។
ហេតុការណ៍នេះបានកើតឡើងកាលម៉ោងជិត៣ទៀបភ្លឺ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ កែងនឹងផ្លូវចូលវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចន ដារ៉ូ អាយុ២៥ឆ្នាំ មុខរបរ ជាអ្នកគិតលុយនៅហាងមួយកន្លែង ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានបើកម៉ូតូម៉ាកឌូក ពណ៌ស អ៊ុតស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-2222 បើកតាមផ្លូវលេខ២០០៤ក្នុងទិសដៅពីត្បូងទៅជើង ចេញពីកន្លែងលក់បាយគោលបំណងត្រឡប់ទៅផ្ទះ ខណ:មិនទាន់ដល់ផ្ទះផង ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ មកពីក្រោយបានធ្វើសកម្មភាពដកកាំខ្លីម៉ារ៉ូឡូមកភ្ជង់គំរាមមិនឲ្យរូបគេដកកូនសោចេញ បើហ៊ានតែដក គេនឹងបាញ់ ធ្វើឲ្យរូបគេភ័យបានរត់ចោលម៉ូតូត្រូវជនសង្ស័យបាញ់សំដៅមួយគ្រាប់តែមិនត្រូវ ហើយជនសង្ស័យ ដែលអង្គុយនៅខាងក្រោយ បានឡើងបើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ១បានចុះមកកន្លែងកើតហេតុនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ