ព័ត៌មានទាន់ហេតុការណ៍៖

មាសសុទ្ធមិនខ្លាចភ្លើង៖ អាជ្ញាធរ​ខេត្ត​កំពង់ធំ ក្តៅនឹងអ្នកសារព័ត៌មាន​​​​​​ផ្សាយ​​ពី​ភាព​អសកម្ម​របស់​ខ្លួន​

ចែករំលែក៖

ខេត្តកំពង់ធំ​៖​ បន្ទាប់​ពី​ស្ថាប័ន​ព័ត៌មាន​ ​ក៏​ដូច​ជា​បណ្ដាញ​សង្គមហ្វេសប៊ុក​ ចុះផ្សាយ​ជា​បន្តបន្ទាប់ ​​​ពី​ភាព​អសកម្ម​របស់​​ខ្លួន​ ​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​នានា​​ ​​​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ធំ ​​ផ្ទុះ​កម្ដៅ​​​ជាមួយ​​សារព័ត៌មាន ​​​​ហើយបាន​ដាក់​កំហិត ​ឲ្យ​អ្នកសារព័ត៌មាន​​​ទាំងអស់​ ដាច់ខាត ត្រូវតែ​​ចុះបញ្ជី ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​។

អាជ្ញាធរ​ខេត្តកំពង់ធំ​ ផ្ទុះ​កំហឹង​​យ៉ាង​ដូច្នេះ​ ​​បន្ទាប់ពី​ស្ថាប័ន​ព័ត៌មាន​ ជាច្រើន​ បាន​ចុះផ្សាយ​ជា​បន្ដ​បន្ទាប់​ពី​ក្រុម​ ឈ្មួញ​ជាច្រើន​ធ្វើសកម្មភាព​ សម្រុក​កាប់​ឈើ​ ​ក្នុង​តំបន់​ព្រៃ​ឡង់​ ​ស្រុក​សណ្ដាន់​ ​និង​តំបន់​ព្រៃ​អង់​តែ​ន​ ក្នុងស្រុក​សន្ទុក ​ខេត្ត​កំពង់ធំ​ហើយ ​ដឹកជញ្ជូន​ឈើ​ចេញ​ យ៉ាង​គគ្រឹកគគ្រេង ​​​​ ហើយ​មិន​ឃើញ​អាជ្ញាធរ ​និង​ជំនាញ​របស់​​លោក ​ប៊ុន សុធី ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ​​ចាត់វិធានការ​បង្ក្រាប​ តាម​តួនាទី​របស់​ខ្លួន​នោះ​ទេ ? ​វា​ផ្ទុះ​ស្រលះ​ពី​បទ​បញ្ជា​របស់​សម្ដេច​តេ​ជោ​ ហ៊ុន ​សែន​នាយក​រដ្ឋមន្ដ្រី ​។

យើង​ក្រឡេក​មើល​ ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​​ ក៏​កំពុង​​កើត​មាន​យ៉ាង​​អនាធិបតេយ្យ​​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប​ ​​ក្នុង​ឃុំពាម​បាង ​​ឃុំ​សំព្រោជ ​ឃុំ​ម្សាក្រង​ និង​ឃុំ​ចំណារ​ក្រោម ​ស្រុក​ស្ទោង​ ​ខេត្តកំពង់ធំ​ ។ ​ប្រជាពលរដ្ឋ​ ​បាន​លើកឡើងថា ​ធនធាន​មច្ឆជាតិ​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ​ព្រោះ​មន្ត្រី​អាជ្ញាធរ​ឃុំ ​អាជ្ញាធរ​ស្រុក​ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ជលផល ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​នោះទេ​។

ដោយ​ឡែក​បញ្ហា ​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​ពី​ក្រុម​ឈ្មួញ​ក៏​កើត​ឡើងយ៉ាង ​ពេញបន្ទុក ​ ​​​នៅ​ឃុំពពក ស្រុកស្ទោង​ និង​ភូមិសំអោង ​ ឃុំមានរិទ្ធ ​ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ​ហើយ​ មន្ត្រី​អាជ្ញាធរ​ ស្រុក​ស្ទោង​ និងស្រុកសណ្ដាន់ ​ក៏ដូចជា ​មន្ត្រីអាជ្ញាធរខេត្តកំពង់ធំ ​មិន​ចាត់វិ​ធានការបង្ក្រាបឡើយ។

បទល្មើសព្រៃឈើ​ ក៏ដូចជាបទល្មើសនេសាទ គឺគេអាចមើលដោយភ្នែកទទេឃើញ ដូច្នេះទាំងអាជ្ញាធរ ដែលមានសមត្ថកិច្ច និងថ្នាក់ដឹកនាំខេត្ត​ ក៏ដូចជាអ្នកកាសែតអាចចុះទៅដល់ទីតាំងដែលមានបទល្មើស ដើម្បីឲ្យប្រាកដថា តើសេចក្តីរាយការណ៍របស់អ្នកកាសែតពិតដែរឬទេ ។ ការដែលអាជ្ញាធរឆ្លើយ​បដិសេធន៍ថា គ្មានបទល្មើស គឺមិនគ្រប់គ្រាន់នោះឡើយ ។ ផ្ទុយទៅវិញ ការចុះដល់ទីកន្លែងកើតហេតុ ឬទីតាំងបទល្មើស ទើបជាភាពជាក់ស្តែង ។ មិនតែប៉ុណ្ណោះ នៅពេលដែលទទួលបានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ឬក្រោយសារព័ត៌មានចុះផ្សាយ អាជ្ញាធរ ក៏ដូចជាស្ថាប័នជំនាញត្រូវចុះដល់ទីតាំង មិនមែនជឿតាមរបាយការណ៍ឆ្លើយតាមទូរស័ព្ទរបស់សមត្ថកិច្ចជំនាញទាំងនោះទេ ។

ថ្លែង​ក្នុង​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន​ក្នុង​ខេត្តកំពង់ធំ ​​នៅ​​ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ លោក សុក ហៃ​ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ធំ ​ថ្លែងថា ​ក្នុងនាម​ជា​អ្នក​សារ​ព័ត៌មាន​ ដែលមាន​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង អំពីសកម្មភាព​គ្រប់​រូបភាព​ លើ​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ ​ដាច់ខាត ​ត្រូវតែ​ជា​កញ្ចក់ ឆ្លុះ​មួយ​ដែល ស ស្អាត ថ្លា និង​ស្មើរ គ្រប់​ពេល​វេលា​។

លោកអភិបាលរង បន្តថា ដើម្បី​ឲ្យ​កញ្ចក់​នេះ​កាន់​តែមាន​ប្រសិទ្ធិភាព ទៅបាន អ្នក​សារព័ត៌​ដែល​បានមក​ប្រកបមុខរបរ​វិជ្ជាជីវៈ​ក្នុង​ខេត្តកំពង់ធំ​ទាំងអស់​ដាច់ខាត ត្រូវតែ​មក​ចុះបញ្ជី នៅ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​។ ការចុះបញ្ជី​នេះ មិនមែន​ជា​ការ​គំរាម កំហែង ចំពោះ​សិទ្ធិ​ចុះផ្សាយ ​សរសេរ និង​រារាំង ​អ្នក​សារព័ត៌​រូប​ណា​ម្នាក់ ​ក្នុងការ​ចុះផ្សាយ​នោះទេ​ តែ​បែរ​ទៅវិញ ​វា​ជា​ការ​ផ្តល់នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ទាក់ទង​គ្នា ទៅវិញទៅមក ជាពិសេស​នោះ បាន​ផ្តល់​ភាពងាយស្រួលក្នុងការទាក់ទង​គ្នា ​ក្នុង​ការ​ផ្តល់ព័​ត៌មាន ព្រមទាំង​ការ​ស្រាយ​បំភ្លឺ​របស់ ​អង្គភាព​មន្ទីរជំនាញ ​ទៅកាន់​បងប្អូន​អ្នកសារព័ត៌មាន ឲ្យ​កាន់តែ​ច្បាស់លាស់​ ជៀសវាង​ការ​ចុះផ្សាយ​ខុស​ ដែល​ធ្វើ​ឲ្យ​ខូច​​កិត្តិយស របស់​ថ្នាក់ដឹកនាំ ឬ​មន្ទីរ​អង្គភាព​ជំនាញ ​ធ្វើ​ឲ្យ​មហាជន​យល់ច្រឡំ ​ហើយ​និយាយ​ថា​ចាំ​ផ្សាយ​បកស្រាយ​ទៅវិញ​។

​លោក មាស សុភ័ណ្ឌ​ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ​ធ្លាប់​បាន​លើក​ឡើង​ថា​ ច្បាប់​របប​សារព័ត៌មាន ​បាន​បើក​សិទ្ធ​ទូលំទូលាយ ​ឲ្យ​អ្នក​សារព័ត៌មាន ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ ដោយ​គ្មាន​ហាម​ឃាត់​នោះទេ​ ។ លោក ​មាស ​សុភ័ណ្ឌ ​បញ្ជាក់ថា​ ក្នុង​ច្បាប់របប​សារព័ត៌​មាន​សំ​ដៅ​ទៅលើ អាទិភាព​អ្នកសារព័ត៌មាន ​ប៉ុន្តែ​ច្បាប់​របប​សិទ្ធ​ទទួល​បាន​ព័ត៌មាន​ ក៏បាន​បើក​សិទ្ធ​ទូលំ​ទូលាយ​ទៅ​ឲ្យ​សាធារណជន​ទូទៅ ​អាច​ទទួល​បាន​ព័ត៌មាន​ ពី​ស្ថាប័នសាធារណៈ។ លោក ​បានបន្ថែមទៀត ថា “នៅក្នុងច្បាប់​របបសារព័ត៌មាន ​គឺ​បើក​សិទ្ធិទូលំទូលាយ​ ទៅ​ឲ្យ​អ្នក​សារព័ត៌មាន​ ស្តីពី​ការ​ផ្សាយ​ព័ត៌មាន”។

សូម​បញ្ជាក់ថា ​សេចក្ដីព្រាងច្បាប់សារព័ត៌មាន ​មាន៨ ជំពូកដូចជា ៖ ជំពូក១–បទបញ្ញត្តិ ​ទូទៅ , ២– សិទ្ធិ​និង​កាតព្វកិច្ចនៃការផ្ដល់ព័ត៌មាន​ , ៣– នីតិវិធីស្នើសុំ និងផ្ដល់ព័ត៌មាន​ , ៤– ព័ត៌មាន សម្ងាត់ ​, ៥– កិច្ច​ការពារអ្នកផ្ដល់ព័ត៌មាន , ៦– ការ​ប្ដឹងតវ៉ា ​និង​ការអនុវត្តសេចក្ដីសម្រេច , ៧– ទោសបញ្ញត្តិ និងទី៨ អន្តរបញ្ញត្តិ ​ ។

អាជ្ញាធរខេត្តកំពង់ធំ​ អាចសហការជាមួយអ្នកសារព័ត៌មានដើម្បី​បញ្ជាក់ទៅលើព័ត៌មាននីមួយៗថា វាពិតកម្រិតណា ។ ពិតហើយសមត្ថកិច្ចជំនាញដូចជារដ្ឋបាលព្រៃឈើ​ និង​រដ្ឋបាលជលផល នៅតែជាអ្នក​ដែល​មានប្រៀបលើអ្នកកាសែត ប្រសិនបើគេចង់ឈ្នះ ។ ឧទាហរណ៍ថា បើត្រូវចុះទៅពិនិត្យបទល្មើសនេសាទ មន្ត្រីរដ្ឋបាលជលផលអាច​ទាក់ទង​ខ្សែបណ្តោយរបស់ខ្លួនថ្នាក់ក្រោម​ឲ្យឈ្មួញផ្អាកសកម្មភាពនេសាទល្មើស នៅពេលដែលដឹងថា មានគេចុះពិនិត្យយ៉ាងដូច្នេះ ។ រីឯរដ្ឋបាលព្រៃឈើ​ក៏យ៉ាងដូច្នោះដែរ ។

និយាយរួមទៅដើម្បី​ភាពត្រឹមត្រូវរៀងខ្លួន ប្រសិនបើអាជ្ញាធរជាមាសសុទ្ធ មិនគួរខ្លាចភ្លើងនោះទេ ។ ផ្ទុយទៅវិញ នៅពេលដែលមានសេចក្តីរាយការណ៍ អំពីចំណុចអសកម្ម គួរតែដឹកនាំកម្លាំងចុះមើល ពីព្រោះបទល្មើសព្រៃឈើ ឬបទល្មើសនេសាទមិនដូចបទល្មើសគ្រឿងញៀនទេ ។ ការចុះអង្កេតបែបនេះ មិនមែនដឹកនាំដោយប្រតិភូនោះឡើយ ។ ការជូនដំណឹងអំពីការចុះត្រួតពិនិត្យបទល្មើស ស្មើនឹងការជូនដំណឹងឲ្យជនប្រព្រឹត្តល្មើសផ្អាកសកម្មភាព ៕ ហេង សូរិយា


ចែករំលែក៖