ភ្នំពេញ៖ អគ្គិភ័យបានឆេះកុដិព្រះសង្ឃយ៉ាងសន្ធោសន្ធៅអស់ចំនួនមួយខ្នងដ៏ធំក្នុងវត្តលង្កា ដោយបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងសមត្ថកិច្ចនៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពពីព្រះសង្ឃបានប្រាប់ឲ្យដឹងថា ដំបូងឡើយ គឺផ្ដើមចេញពីទុស្សេខ្សែភ្លើងលើកុដិលេខ៤ ដែលមានទំហំ១០ម៉ែត្រ×២០ម៉ែត្រ ហើយក៏បង្កចេញជាអណ្ដាតភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅតែម្ដង ។ ក្នុងអំឡុងពេលនោះ ព្រះសង្ឃក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចេញមកជាច្រើនគ្រឿង ដើម្បីជួយបាញ់ពន្លត់ផងដែរ ដោយបានប្រើប្រាស់ទឹកអស់ចំនួន១៦ឡាន និងបាញ់រលត់ទៅវិញនៅវេលាម៉ោង២ រំលងអធ្រាត្រថ្ងៃដដែល ។
ករណីអគ្គិភ័យខាងលើនេះ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ទើបបង្កឲ្យមានអគ្គិភ័យឆេះអស់កុដិមួយខ្នង ១០ម៉ែត្រ ×២០ម៉ែត្រនេះ និងមានការខូចខាតម៉ូតូអស់ចំនួន៣គ្រឿង និងសម្ភារក្នុងកុដិមួយចំនួនធំ តែមិនបង្កឲ្យព្រះសង្ឃ និងកម្លាំងសមត្ថកិច្ចដែលចុះជួយពន្លត់ រងរបួសនោះទេ ៕ ភារ៉ា ដង្កោ