ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រមឹកម្នាក់យកដងកាំបិតវាយព្រះចៅអធិការវត្តកំរាមរុក្ខរាមបែកប្រកេសរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ព្រះចៅអធិការវត្ត១អង្គ បានរងរបួសបែកប្រកេស(ក្បាល) រងរបួសធ្ងន់ បន្ទាប់ពី ជនដៃដល់ម្នាក់ដែលគេស្គាល់ជាមនុស្សប្រមឹកខួប បានយកដងកាំបិត ផ្គាក់ វាយទៅលើព្រះចៅអធិការវត្ត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តកំរាមរុក្ខរាម ស្ថិតនៅភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលវាយទៅលើព្រះចៅអធិការវត្ត មានឈ្មោះ កែវ កួន ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅក្នុងវត្តកើតហេតុខាងលើ ។ ព្រះចៅអធិការវត្តដែលរងគ្រោះ មានឈ្មោះ គឹម សុគន្ធា ព្រះជន្ម ជាព្រះចៅអធិកាវត្តកំរាមរុក្ខារាម ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ព្រះចៅអធិការ បានប្រាប់ទៅបុរសដែលញៀនស្រានេះថា បើឯងនៅតែផឹកស្រវឹងខួបបែបនេះរាល់ថ្ងៃនោះ លែងឲ្យនៅក្នុងវត្តនេះទៀតហើយ ។ កុំឲ្យអ្នកស្រុកគេថាឲ្យ ។ លឺព្រះចៅអធិការប្រាប់បែបនេះ ជនដៃដល់ដែលកំពុងស្រវឹងទាំងព្រលឹមផងនោះ ក៏ស្ទុះទៅដងកាំបិតផ្គាក់ដែលនៅក្បែរខ្លួន វាយចំប្រកេស ព្រះចៅអធិការវត្ត បណ្តាលឲ្យដួលសន្លប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ ព្រះសង្ឃរងគ្រោះបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ដោយឡែកជនង្ស័យត្រូវបាន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖