ព័ត៌មានទាន់ហេតុការណ៍៖

កាន់ម៉ូទ័រឈូកឈើឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ម្នាក់នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងរន្ធត់ នៅគ្រាដែលគាត់កំពុងកាន់ម៉ូទ័រឈូកឈើ ក្រុមគ្រួសារសាច់ញាតិមិនអស់ចិត្តនាំគ្នាយកទៅកប់ដីដើម្បីជួយសង្រ្គោះ ។

ហេតុហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចំការចេកខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឆ្លងចរន្តអគ្គឆក់បណ្ដាលឲ្យស្លាប់ឈ្មោះ ខៀវ តូតា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ជនរងគ្រោះឆ្លងចរន្តអគ្គិសនីឆក់នៅគ្រាដែលគាត់កំពុងឈូកឈើដោយម៉ូទ័រ ដែលគេសង្ស័យអាចបណ្ដាលមកពីម៉ូទ័រនោះរហែកជ័រចេញលួសឬឆ្លងភ្លើង ទើបបណ្ដាលឲ្យឆក់បែបនេះ ប៉ុន្តែក្រុមគ្រួសារសាច់ញាតិមិនអស់ចិត្ត ក៏នាំគ្នាយកទៅកប់ដីតែការឆក់ធ្ងន់ធ្ងរពេកមិនអាចជួយសង្រ្គោះបាននោះឡើយ ។

ប្រភពព័ត៌មានខាងលើបន្តទៀតថា ក្រោយកើតហេតុបន្ទាប់ពីបានទទួលព័ត៌មាន កម្លាំងស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នាចុះស្រាវជ្រាវ និងធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ ហើយសន្ថិដ្ឋានអាចពិតជាស្លាប់បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីពិតប្រាកដ ក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖