ព័ត៌មានទាន់ហេតុការណ៍៖

រឿង​ស៊ីឈ្នួល​ពពោះ​ជំនួស​ ស្ត្រីទាំង៣២ ​នាក់​ត្រូវ​​ឃុំ​ខ្លួន​នៅ​មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញៈ ​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក សន កែវ បាន​ឲ្យ​ប្រភពព័ត៌មានដឹង​កាលពី​ថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ថា ស្ត្រី​ខ្មែរ​ ៣២ នាក់​ដែល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សាលា​ដំបូង​រាជធានី​ចោទ​ប្រកាន់​ពី​បទ​ជួញដូរ​មនុស្ស​ដោយ​ឆ្លងដែន និង​អន្តរការ​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មន្ទីរពេទ្យ ដើម្បី​ងាយស្រួល​តាមដាន​។

លោកបន្ត​ថា​៖ «​ស្ត្រី ៣២ នាក់​គឺ​យើង​យក​គាត់​ទៅ​ដាក់​នៅ​មន្ទីរពេទ្យ​នគរបាល ១៦ ឧសភា ​។ ចំពោះ​ករណី​នេះ​ផែនការ​បន្ត​ទៅ​មុខ​ទៀត ខ្ញុំ​មិន​ទាន់​ដឹង​ទេ ដោយសារ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ (​បទបញ្ជា​) ​នៅ​ឡើយ​»​។

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​កាលពី​រសៀល​ថ្ងៃ​ទី​ ២៩ ខែ​មិថុនា​ឆ្នាំ​ ២០១៨ លោក កោ វណ្ឌី ក៏​បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន បុរស​ចិន​ម្នាក់​ឈ្មោះ LlU QlANG អាយុ​ ៤៩ ​ឆ្នាំ ជា​មេការ​ និង​ស្ត្រី​ខ្មែរ​ចំនួន​​ ៤ ​នាក់​ទៀត​ដែល​ជា​មេការ​និង​ជា​អ្នក​បកប្រែ​ពី​បទ «​ជួញដូរ​មនុស្ស​ដោយ​ឆ្លងដែន​» និង​បទ «​អន្តរការ​រវាង អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​» យោង​តាម​មាត្រា​ ១៦ ​នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​យោង​តាម​មាត្រា ៣៣២ នៃ​ក្រមព្រហ្មទណ្ឌ​ដូច​គ្នា​នេះ​ដែរ​ ។

ពួកគេ​ទាំង​ ៥ ​នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នៅក្នុង​ប្រតិបត្តិការ​មួយ​កាលពី​ថ្ងៃទី ២១ ខែ​មិថុនា​នៅ​ក្នុង​ផ្ទះ​មួយ​នៅ​ខណ្ឌ​ឫស្សីកែវ​ពី​បទ​បង្កើត​ភ្នាក់ងារ​ស៊ីឈ្នួល​ពពោះ​ជំនួស​ខុសច្បាប់​ហើយ​ក្នុង​ពេល​ចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​ក៏​បាន​រកឃើញ​ស្ត្រី​ចំនួន​ ៣២ ​នាក់ ខណៈ​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ​ ៕


ចែករំលែក៖