ខេត្តកំពង់ធំ៖ មានករណីអត្តឃាត(ចងក)សម្លាប់ខ្លួន នៅម៉ោង៨.០០នាទីដល់ម៉ោង៨និង៣០នាទីព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិពាមអាទិត្យ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ សុខ សង់ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ
តាមការបំភ្លឺរបស់ឈ្មោះ ហ៊ាន សារិន ប្រុស ៥០ឆ្នាំនៅភូមិឃុំជាមួយ(ត្រូវជាពូបង្កើត)បានបំភ្លឺថា នៅវេលាម៉ោងប្រហែល ៨.០០នាទី ពេលគាត់កំពុងហូបបាយក៏បានឃើញជនរងគ្រោះដើរ ហើយក៏ហៅហូបបាយ តែពេលនោះជនរងគ្រោះបានប្រាប់ថា មិនហូបទេ ថ្ងៃនឹងខ្ញុំស្លាប់ហើយ ពួកគាត់មិនបានចាប់អារម្មណ៍ ទេពីព្រោះថាជនរងគ្រោះជាមនុស្សមិនសូវគ្រប់ ពេលនិយាយស្ដីអ្នកភូមិមិនសូវយកចិត្តទុកដាក់ទេ ហូបបាយរួចម៉ោងប្រហែល ៨និង៣០នាទីមិនឃើញជនរងគ្រោះ គាត់ក៏ហៅបងប្អូនឲ្យជួយដើររក ស្រាប់តែឃើញចងក និងក្រម៉ា ទៅនិងដើមធ្នង់ខាងជើងផ្ទះចំងាយ ៣០ម៉ែត្រ ស្លាប់បាត់ទៅហើយ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍នគរបាល សាគ្រាម បានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យធ្វើកោសល្យវិច័យលើ សាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត (ចងក)ដោយខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។
មូលហេតុ មានជំងឺ (សរសៃប្រសាទ)រួចក៏ប្រគល់ សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ប៊ុនរិទ្ធី