ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបុកអ្នកថ្មើរជាងម្នាក់បណ្ដាលឲ្យស្លាប់អាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជាអ្នកថ្មើរជើងមានសតិមិនគ្រប់ម្នាក់ ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤និង២០នាទី លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកតាដួងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះត្រូវរថយន្តកិនស្លាប់ឈ្មោះ ហ៊ុយ ទូច ភេទប្រុស អាយុ៥០ ឆ្នាំ (ជាមនុស្យមានសតិមិនគ្រប់) មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែករថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកថ្មើរជើង ដើរតាមបណ្ដោយផ្លូវជាតិលេខ២១ លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកដោយល្បឿនលឿន បានបុកជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះវាស់វែងកន្លែងកើតហេតុ រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖