ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អំពាវនាវឲ្យមានសាមគ្គីធម៌ ដើម្បីសន្តិភាពនៅក្នុងសង្គមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែការបែកបាក់កាលពីអតីតកាល បានធ្វើឲ្យខ្មែរទទួលរងនូវទុក្ខវេទនាហួសការស្មាន តែពេលនេះសន្តិភាពខ្មែររកបានមកហើយ យើងត្រូវតែរក្សាវាឲ្យមានមានជីវិតរស់នៅជា រៀងរហូតមានន័យថា ខ្មែរត្រូវតែមានសាមគ្គីធម៌ដើម្បីសន្តិភាព ។ នេះជាបន្ទូលសម្តេចព្រះ មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណា ចក្រកម្ពុជា លើកឡើងក្នុងពិធីស្រោចស្រពសុគន្ធវារីប្រគេនភិក្ខុ ឡុច យ៉ាន រួមនិងការ ប្រកាស តែងតាំងភិក្ខុអង្គនេះជាទីប្រឹក្សាផ្ទាល់របស់ព្រះអង្គ កាលពីរសៀលថ្ងៃអាទិត្យ ១០ ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃ២២ កក្ដដា ឆ្នាំ២០១៨ នៅវត្តព្រះនាគ ស្ថិតក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សម្តេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស មានពុទ្ធដីកាថា៖ ការប្រណិបត្តិចំពោះពុទ្ធ ឱវាទ គឺជាការគ្រប់គ្រាន់ទៅហើយសំរាប់ធ្វើឲ្យមានសាមគ្គីភាព។ ដូច្នេះពុទ្ធបរិស័ទតោងមាន ការសិក្សាស្វែងយល់អំពីពុទ្ធឱវាទ ហើយអនុវត្តតាមឲ្យបានត្រឹមត្រូវនោះយើងនឹងអាចធ្វើឲ្យ ចិត្តមានសេចក្តីស្ងប់ មានធម៌ខន្តី និងមានសាមគ្គីគ្នាល្អប្រសើរណាស់។ ជាមួយគ្នានេះសម្តេច បានសម្តែងនូវការកោតសសើរចំពោះភិក្ខុ ឡុច យ៉ាន ចៅអធិការស្តីទីវត្តព្រះនាគ ដែលបានរួម ចំណែកយ៉ាងសកម្មក្នុងការការអប់រំព្រះធម៌ទៅដល់ព្រះសង្ឃក្រោមឱវាទ ជាពិសេសការផ្សព្វ ផ្សាយព្រះធម៌ទៅដល់ប្រជាពុទ្ធបរស័ទ ធ្វើឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទមានការរួបរួមគ្នាលើក ស្ទួយតម្លៃព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា៖ វត្តព្រះនាគ ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ត កណ្តាល ដែលមានចំងាយជាង ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាវត្តដ៏មានវ័យចំណាស់ គឺ បានកកើតឡើងតាំងពីក្នុងរវាង ព.ស ២០៨០ ត្រូវនឹង គ.ស ១៥៣៧ ដែលរហូតមកទល់នឹង ពេលនេះមានអាយុកាល ៤៧៩ឆ្នាំហើយ។ បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ភិក្ខុ ឡុច យ៉ាន ជាចៅអធិការស្តីទី វត្តកំពុងមានការរីកចំរើនតាមរយៈការកសាងនូវសមិទ្ធផលនានាក្នុងវត្ត រួម នឹងគម្រោងសាងសង់សាលាពុទ្ធិកបឋមសិក្សាសំរាប់ព្រះសង្ឃសិក្សារៀនសូត្រផងដែរ៕ សំរិត


ចែករំលែក៖