ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកស្រូវបុករថយន្ដបើកឆ្លងថ្នល់បង្កឲ្យប្រពន្ធរបួសធ្ងន់ ប្ដីរបួសស្រាល

ចែករំលែក៖

ខេត្តកំពងធំ៖ ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវបំបែកជាបួន(ផ្លូវវាងក្រុងស្ទឹងសែន) ភូមិព្រៃតាហ៊ូ សង្កាត់ព្រែតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង រថយន្ត បុករថយន្តបើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យប្រពន្ធរបួសធ្ងន់ និងប្ដីរបួសស្រាល។

រថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ស្លាកលេខសៀមរាប 2B.4707 បើកបរឆ្លងកាត់ផ្លូវពីលិចទៅកើត ដោយឈ្មោះ អៀង ម៉ារ៉ូ ភេទប្រុស អាយុ៥១ឆ្នាំ ជាអាជីវករ នៅភូមិទំនប់៩៥ ឃុំប៉ាលហាល ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ របួសស្រាល អ្នករួមដំណើរជាមួយឈ្មោះ ហួត ចន្ថា ភេទស្រី អាយុ៤៥ឆ្នាំ ជាអាជីវករ របួសធ្ងន់ ត្រូវជាប្រពន្ធ អ្នកបើកបររថយន្ត ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ កំពង់ធំ 3A.1499 ដឹកស្រូវ បើកបរផ្លូវត្រង់ពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួន ។

មូលហេតុ ជាបឋមបង្កដោយអ្នកបើកបររថយន្តតាកូម៉ា បើកបរឆ្លងកាត់ផ្លូវមិនគោរពសិទ្ធិអាទិភាព រួមផ្សំនឹងអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ានដាយមានល្បឿនលឿន ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងយកវត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៕ ប៊ុនរិទ្ធី


ចែករំលែក៖