ខេត្តសៀមរាប៖ ពលរដ្នស្ដីបន្ទោសមន្រ្ដីអាជ្ញាអប្សរាថា ដោយគ្មានការទទួលខុសត្រូវ ម្ដងហើយម្ដងទៀត ដោយសារពីមុន ក៏មានការលួចកាប់ឈើគ្រញូងម្ដងដែរ រហូតកើតជារឿងយ៉ាងល្បីល្បាញ ពេញពិភពលោក ធ្វើឲ្យមានការរឹះគន់យ៉ាងខ្លាំងពីសំណាក់ ពលរដ្នខ្មែរ ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ ពីការប៉ិនប្រសប់ក្នុងកិច្ចការ ការពារសម្បត្តិធម្មជាតិជុំវិញតំបន់អង្គររបស់មន្រ្ដីអាជ្ញាធរអប្សរាថា ធ្វើការឡែមឡុំដូច ក្មេងបៀមដៃជុំវិញករណីរិះគន់ខាងលើនេះដែរ ក៏មានប្រភពចំអកមកថា បើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃ វាមិនហ៊ានទេ ។
តាមដំណើររឿងបានឲ្យដឹងថា មានហេតុការណ៍មួយបានកើតឡើង ដោយជនមិនស្គាល់មុខបានលួចកាប់ដើមគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរ ។ ដោយមហាជន ចោទសួរថា បាត់មន្ត្រីអាជ្ញាធរអប្សារាទៅណាអស់ ទើបបណ្តោយឲ្យមានរឿងនេះកើតឡើងម្ដងហើយម្ដងទៀត បានត្រឹមតែប្រមូលយកសាកសពដើមឈើគ្រញូងទៅរក្សាទុកតែប៉ុណ្ណោះ ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ លោក ឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរអប្សរា បានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមថា ក្រោយពីទទួលបានដំណឹងពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ន អំពីការកាប់ឈើគ្រញូងក្នុងរមណីយដ្ឋានអង្គរនេះ ខាងអាជ្ញាធរជាតិអប្សរា ធ្វើការជាមួយមន្រ្ដីមន្ទីរបរិស្ថានខេត្តសៀមរាប ដោយចុះទប់ស្កាត់មិនឲ្យមានការដឹកចេញ លុះនៅព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០១៨ បានសម្រេចដកហូតឈើគ្រញូង ដឹកជញ្ជូន យកមករក្សាទុកនៅស្នាក់ការបរិស្ថាន ទីដែលមានសុវត្ថិភាពរួចរាល់ហើយ។
លោកបន្ដថា «ជនមិនស្គាល់មុខ បានលួចកាប់ឈើគ្រញូងមួយដើមនៅយប់រំលងអធ្រាត្រ ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ដែលទីតាំងនៅឆ្ងាយពីផ្ទះអ្នកភូមិបន្ដិច ហើយពេលដែលកាប់នោះ មានភ្លៀវខ្លាំងទៀតផង ស្ថិតក្នុងភូមិសាស្រ្ដភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ទើបយើងមិនបានដឹង»(Sic)។
លោកបានបានបញ្ជាក់ថា ចំពោះមុខកាត់ឈើ៤តឹកនោះមានប្រវែងតែ២ម៉ែត្រប៉ុណ្ណោះ ចំណែកមុខសញ្ញានៃជនល្មើសនោះ យើងមិនទាន់អាចកំណត់មុខសញ្ញាបានទេ ។
បុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា លោក ស៊ិន ពិសី បានឱ្យដឹងថា គ្រញូងដែលត្រូវគេលួចកាប់នោះមានទំហំមុខកាត់ជិត ៤តឹក ។
ហេតុការណ៍ដែលជនមិនស្គាល់មុខបានលួចកាប់ដើមគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរនេះ ត្រូវបានពលរដ្ឋបង្ហើបថា ជាស្នាដៃរបស់ក្រុមអ្នករកស៊ីគ្រញូង ហើយអាជ្ញាធរអប្សរាមិនទាន់បានវែកមុខឃើញក្រុមបង្កឡើយ បានត្រឹមតែប្រមូលសាកសពដើមគ្រញូង ដែលត្រូវបានកាប់បំផ្លាញយកទៅរក្សាទុកតែប៉ុណ្ណោះ ។
ពលរដ្នបានជំរុញ និងសំណូមដល់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប សុំឲ្យមានការផ្លាស់ប្ដូរមន្រ្ដីអាជ្ញាអប្សរាអសកម្មមួយចំនួន ចេញទៅ បើគ្មានទំនូលខុសត្រូវបែបនេះ បើទុកនៅទៀត និងរលាយធនធានធម្មជាតិក្នុងតំបន់អង្គរមិនខាន ៕ ប៊ុនរិទ្ធី