ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ ៖ កុំឲ្យប្រេតបន្ទោសថា មកពីមកធ្វើបុណ្យនាំគ្នាផឹកស្រា !

ចែករំលែក៖

ឆ្នាំណាក៏ដូចឆ្នាំណា ឲ្យតែរដូវភ្ជុំបិណ្ឌមកដល់ សាសនិកខ្មែរ នាំគ្នាធ្វើបុណ្យកាន់បិណ្ឌ ចាប់ពីបិណ្ឌទី១ រហូតដល់បិណ្ឌ១៤ និងឆ្លងធំ គេហៅថា ភ្ជុំបិណ្ឌ នៅថ្ងៃ១៥រោចខែភទ្របទ ។ តាមជំនឿ និងការតំណាលតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃនេះ ក្រុមពួកកើតជាប្រេត ត្រូវយមបាលដោះលែងពីគុកច្រវាក់ខ្នោះឃ្នាងឲ្យមានសេរីភាព និងមកទទួលបាយបិណ្ឌ ចំណីអាហារ ឆ្ងាញ់ៗ ដែលមនុស្សលោក ឬសាច់ញាតិ បានធ្វើប្រគេនដល់ព្រះសង្ឃនៅឯវត្តនិងអាចហៀរ ដល់ប្រេតទាំងនោះមកស៊ីតាមការស្រេកឃា្លនផងដែរ ។

សម្រាប់ទាំង១៥ថ្ងៃនេះ ជាពិសេសថ្ងៃភ្ជុំបិណ្ឌធំតែម្តង ក្រោយពីធ្វើពិធីដារឆ្លងភ្ជុំបិណ្ឌរួច ក្រុមសាច់ញាតិមួយចំនួន តែងនាំគ្នាវិលត្រឡប់មកផ្ទះ ដោយខ្លះទៅដើរកម្សាន្តតាមរមណីយ ដ្ឋាននានា ឯខ្លះទៀតដែលភាគច្រើនជាក្មេងស្ទាវមិនព្រមទៅណាទេសុខចិត្តច្រាកគ្នាទិញ គ្រឿងស្រវឹង ទិញសាច់ក្លែម យកមកអង្គុយដំកង់គោះកែវផឹកហ៊ោកញ្ជៀវកងរំពងផ្អើលឆ្កែព្រុសពេញភូមិ។ លើសពីនេះទៀត អ្វីដែលនាយជាលតែងកត់សម្គាល់នោះ គឺ ក្រោយពីផឹក ស៊ីចំស្រាកាចស្រវឹងក្លែមសម្តី មិនចោលមាយាទពីរឿងជេរបញ្ចោរគ្នា រួចបង្កហិង្សាទាញដាវកាំបិតដេញកាប់ចាក់គ្នាដូចហ្វូងគោដោយញីឈ្មោល ។ ទីបំផុតឆាកប្រយុទ្ធគា្នក្រោយផឹកស៊ីនេះ គឺ អ្នក ចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក ។

ក៏នៅមានអ្នកខ្លះទៀតផឹកចំស្រាឃ្លានតណ្ហា ចេះតែរសាប់រសល់ខ្វល់អារម្មណ៍ ឃើញ លាមកថាផ្កា ឃើញបន្លាថាស្បៃ ឃើញនរកលោកិយ៍ ថាឋានសួគ៌ ។ល។ រួចចាប់បផ្តើមពុះកញ្ជ្រោលចាប់ក្មេងស្រីមិនទាន់គ្រប់ការ ចាប់ប្រពន្ធ គេប្រពន្ធឯងរំលោភគ្មានត្រាប្រណី ។

ទាំងនេះនៅមិនទាន់គិតពីអ្នកស្រវឹងដែលផឹកលិចថ្លើម ផឹកទុកកម្អួតឲ្យឆ្កែលិឍ ចាប់ ផ្តើមមានកម្លាំងឡើងបើកម៉ូតូ ឡាន រោទិ៍ខ្លាំងៗ បុកគេឯងឲ្យរបួស ពិការ ឬស្លាប់ដោយសារ តែនេះជាដើម។

ពេលឃើញទង្វើអសិលធម៌ក្នុងសង្គមបែបនេះហើយ ទើបនាយជាល ចេះតែគិតថា បើមិនខ្មាសក្មេង ក៏គួរតែខ្មាសពួកប្រេតដែរ កុំឲ្យប្រេតដៀលនិងបន្ទោសថា មកពីអ្នកទាំងនេះមកធ្វើបុណ្យគិតតែផឹកស្រា បានជាមនុស្សលោកប្រព្រឹត្តអំពើអសិលធម៌យ៉ាងនេះ ៕ នាយជាល

 


ចែករំលែក៖