ពិតជាមិនមែនអាជ្ញាធរដែនដី ឬកងកម្លាំងប្រដាប់អាវុធនោះទេ ដែលជាអ្នកកសាងបទល្មើសជលផល ល្បីខ្ទរខ្ទានៅស្រុកអង្គរបុរី ខេត្តតាកែវនោះ ផ្ទុយទៅវិញគឺមន្ត្រីជលផល ដែលប្រចាំការនៅស្រុកនេះតែម្តង ជាអ្នកបើកដៃ ឲ្យមានបទល្មើសនេសាទ តាមរយៈការបង្ហូរជនជាតិវៀតណាមឲ្យចូលមកនេសាទក្នុងទឹកដីខ្មែររាល់ថ្ងៃ ។ នោះគឺលោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបុរីតែម្តង ។ រីឯថ្នាក់ដឹកនាំខេត្តតាកែវ លោក អ៊ួច ភា ក៏ផ្តេកផ្តួលក្នុងផលប្រយោជន៍ជាមួយមន្ត្រីជលផលនៅមូលដ្ឋាននេះតែម្តង ។ គេមិនដែលឮលោក អ៊ួច ភា ក្អកគ្រហែមម្តងណាឡើយ រឿងបទល្មើសនេសាទគគ្រឹកគគ្រេងនៅស្រុកអង្គរបុរី និងស្រុកបុរីជលសា ខេត្តតាកែវ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បទល្មើសនេសាទនៅស្រុកអង្គរបុរី គឺមានទំហំធំធេងខ្លាំងណាស់ តាមរយៈការបើកដៃជាចំហរឲ្យបណ្តាជនជាតិវៀតណាមចូលមកនេសាទ ដោយសេរី ។ អ្វីដែលឈឺចាប់បំផុត គឺបណ្តាពលរដ្ឋខ្មែរម្ចាស់ស្រុកមិនត្រូវបានលោកខឹម ប៊ុនថន អនុញ្ញាតឲ្យនេសាទដើម្បីគ្រាន់ចិញ្ចឹមក្រពះនោះឡើយ ។ ប្រភពរាយការណ៍ថា របាំងព្រួល, អួន សៃយឺន ចម្ងាយរាប់គីឡូម៉ែត្រ ចាប់ពីភូមិសាស្ត្រស្រុកអង្គរបុរី ដល់ព្រំដែនខេត្តកណ្តាល គឺជាស្បៃមុង, របាំងព្រួល, សៃយឺន អួន… របស់ជនជាតិវៀតណាមទាំងអស់ ។ គ្មានទេរបស់ពលរដ្ឋខ្មែរ ។ លោក ខឹម ប៊ុនថន ព្រមានថា ពលរដ្ឋខ្មែរដែលចូលនេសាទនៅក្នុងស្រុកអង្គរបុរីត្រូវចាប់ដាក់គុក ។ វាមិនមែនជាការព្រមានទេ ប៉ុន្តែលោកខឹម ប៊ុនថន បានធ្វើរឿងចាប់ពលរដ្ឋខ្មែរដាក់គុកនេះរួចហើយ ។
បទល្មើសអួន ស្បៃមុង សៃយឺន ដាយ ជាដើមនោះ សុទ្ធតែត្រូវបង់ប្រាក់ជូនលោក ខឹម ប៊ុនថន ។ ជាងនេះទៅទៀត បណ្តាជនជាតិវៀតណាម ដែលចូលមកនេសាទតាមទូកប្រចាំថ្ងៃ សុទ្ធតែត្រូវបង់ប្រាក់ជូនលោក ខឹម ប៊ុនថន ។ បណ្តាជនវៀតណាមចូលមកនេសាទតាមទូកនៅពេលព្រឹក និងត្រឡប់ទៅវិញនៅពេលល្ងាច ។ ពួកគេប្រមូលយកធនធានមច្ឆជាតិគ្រប់ប្រភេទ មិនថា តែត្រីនោះទេ សូម្បីតែខ្ចៅ ខ្យង កណ្តុរ ក៏ប្រមូលដាក់ទូកយកទៅទាំងអស់ ។ លោក ខឹម ប៊ុនថន ជាអ្នកដែលការពារបណ្តាជនវៀតណាមទាំងនោះ និងខ្ទប់ពលរដ្ឋខ្មែរមិនឲ្យចូលនេសាទ ។ មានខ្លះដែរជនជាតិខ្មែរ ឥស្លាម ដូចជាលោក ខុំ នៅកំពង់យោល អាចនេសាទបាន ដោយចំណាយប្រាក់ជូនលោក ខឹម ប៊ុនថន ។
អភិបាលខេត្តតាកែវ លោក អ៊ួច ភា មិនដែលបង្ហាញប្រតិកម្មម្តងណាទាល់តែសោះរឿងបណ្តាជនជាតិវៀតណាម ដែលត្រូវបានអនុញ្ញាតឲ្យចូលនេសាទក្នុងដែនដីខ្មែរ ។ ប្រជាពលរដ្ឋស្រុកអង្គរបុរី និងស្រុកបុរីជលសាយល់ថា លោកអភិបាលខេត្តបានផលប្រយោជន៍ជាមួយពួកមន្ត្រីជលផល ទើបបានជាមិនព្រមបញ្ជាចាត់វិធានការឲ្យបង្ក្រាបបទល្មើសបែបនេះ ។ បែបនេះហើយគឺលោកខឹម ប៊ុនថន នៅតែបានដៃក្នុងការកសាងបទល្មើសជាមួយជនជាតិវៀតណាម ដោយក្នុងមួយថ្ងៃៗលោកប្រមូលប្រាក់បានរាប់ពាន់ដុល្លារ ៕