ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែង និង៣នាក់ផ្សេងទៀតបានរង របួសធ្ងន់ស្រាល ក្នុងហេតុការណ៍រន្ទះបាញ់ ពេល ដែលជនរងគ្រោះទាំង៤នាក់ ឡើងភ្នំរកកាប់ឈើ ស្របពេល ដែលផ្ទៃមេឃមានផ្គររន្ទះ រកកលចង់ភ្លៀង ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជិត១រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅលើភ្នំមួយកន្លែង ស្ថិតនៅក្នុងភូមិ អូរឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អ្នករបួសធ្ងន់ម្នាក់ត្រូវ បានគេសែងចុះពីភ្នំ ដែល មានចម្ងាយឆ្ងាយពីផ្លូវជាតិលេខ៤ ជាង៧គីឡូម៉ែត្រ ដើម្បីយកមកសង្គ្រោះ រីឯអ្នកស្លាប់ និងអ្នករបួសស្រាលបានបញ្ជូនចុះពីភ្នំមកបន្តបន្ទាប់តាមក្រោយ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលដែលសព និងអ្នករងរបួសបញ្ជូនមកដល់ផ្លូវជាតិលេខ៤ ជនរងគ្រោះ ដែលត្រូវរន្ទះបាញ់ទាំង៤នាក់រួមមាន ៖
ទី១-ឈ្មោះឡែម ប្រុញ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិអូរឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់នៅនឹងកន្លែង ។
ទី២-ឈ្មោះឡា ហ៊ាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ។
ទី៣-ឈ្មោះពាន់ ងក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិអូរឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របួសស្រាល ។
ទី៤-ឈ្មោះជន មឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិអូរឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសស្រាល ។
ប្រភពពីពលរដ្ឋដដែលបានបន្ថែមថា ជនរងគ្រោះទាំ៤នាក់បានឡើងភ្នំ ដើម្បីកាប់ឈើ រួចក្នុងពេលមេឃរកភ្លៀង ជនរងគ្រោះទាំង៤នាក់ បាននាំគ្នាចូលជ្រកក្រោមដើមឈើ ដែលនៅក្បែរនោះ រួចក៏ត្រូវរន្ទះបាញ់ចំកន្លែង ដែលជនរងគ្រោះកំពុងជ្រកនោះតែម្តង ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវគេជួយសង្គ្រោះតាមរយៈសែងដើរដោយថ្មើរជើង ប្រើពេលយូរម៉ោង ព្រោះទីតាំងកើតហេតុមានចម្ងាយឆ្ងាយ គ្មានរថយន្ត ឬម៉ូតូចូលដល់ឡើយ ។ នេះជាបាតុភូតធម្មជាតិលើកទី១ សម្រាប់រដូវវស្សាឆ្នាំនេះ ដែលមានមនុស្សរងគ្រោះស្លាប់ និងរបួសដោយរន្ទះបាញ់ក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ