ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមួយគ្រឿងបើកល្បឿនលឿនបុកស្រ្ដីជាអ្នកថ្មើរជើងម្នាក់ស្លាប់ រីឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ខេត្កណ្ដាល៖ ម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿន បានបុកស្រ្ដីជាអ្នកថ្មើរជើងម្នាក់ពេញមួយទំហឹង ខណៈដើរឆ្លងផ្លូវ រីអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិពនចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ស្រ្ដីរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ អៀង សា ភេទស្រី អាយុ៧៤ឆ្នាំ មានទីលំនៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកឯម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-7417 បើកបរដោយឈ្មោះ ចយ ស៊ីវន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ (រងរបួសធ្ងន់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនស្រ្ដីរងគ្រោះជាអ្នកថ្មើរជើងខាងលើ ដើរតាមបណ្ដោយផ្លូវជាតិលេខ២ លុះមកដើរដល់កន្លែងកើតហេតុ ស្រ្ដីរងគ្រោះបានឆ្លងផ្លូវពីលិចទៅកើត ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងខាងលើ បើកដោយឈ្មោះ ចយ ស៊ីវន ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង(ពីភ្នំពេញទៅតាកែវ)ដោយល្បឿនលឿន បានបុកស្រ្ដីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីរងគ្រោះដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយឡែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែង និងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីខាងលើនេះ គឺបណ្តាលមកពីអ្នកបើកបរបើកបរម៉ូតូបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រីឯអ្នកស្រ្ដីជាអ្នកថ្មើរជើងដើរឆ្លងផ្លូវ មិនមើលមុខមើលក្រោយមុនឆ្លងនឹងឆ្លង ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះ ៕ ស្អាងជ័យ


ចែករំលែក៖