កម្មកររថភ្លើងស្ថិតក្រោមក្រុមហ៊ុន ថូល រហូតមកដល់សប្តាហ៍ទី៣ នៃខែតុលា មិនទាន់បើកប្រាក់បៀវត្សរ៍នៅឡើយ នៅគ្រាដែលប្រាក់បៀវត្សរ៍ ខែកញ្ញា ត្រូវបានគេបើកឲ្យតែត្រឹមពាក់កណ្តាល ។ ការយឺតយ៉ាវនៃការបើកប្រាក់បៀវត្សរ៍ របស់ក្រុមកម្មករ មន្ត្រីរាជការនៃអង្គភាព រាជាយស្ម័យានកម្ពុជា បានញាំងឲ្យមានការជជែកគ្នា និងរអ៊ូរទាំពីក្រុមបុគ្គលិក កម្មករនៅក្នុងអង្គភាពនេះមិនឈប់មិនឈរ តាំងពីចុងសប្តាហ៍មុន ។
នៅតាមរោងកាហ្វេ ដែលក្រុមបុគ្គលិកកម្មករនៅអង្គភាពរថភ្លើង តែងតែជួបជុំគ្នា បានខ្សឹបខ្សៀវអំពីការយឺតយ៉ាវនេះ ហើយថា ពួកគេក៏មិនដឹងអំពីមូលហេតុនៃការយឺតយ៉ាវ ក្នុងការបើកប្រាក់ខែជូនពួកគាត់នោះដែរ ។ ក្រុមបុគ្គលិកកម្មករ អះអាងថា ក្រុមហ៊ុន ថូល ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលបានវិនិយោគលើវិស័យដឹកជញ្ជូនតាមរថភ្លើង ។ ពួកគេធ្វើការមិនសម្រាកនោះឡើយ ដើម្បីជំរុញដំណើរការនៃការដឹកជញ្ជូន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ប៉ុន្តែប្រាក់បៀវត្សរ៍ ហាក់ដូចជាមិនរត់ឲ្យស្របទៅតាមការប្រឹងប្រែងរបស់ពួកគាត់ឡើយ ។
គេមិនដឹងថា ការយឺតយ៉ាវក្នុងការបើកប្រាក់បៀវត្សរ៍ មន្ត្រីរាជការ បុគ្គលិកកម្មករ នៅអង្គភាពរថភ្លើង ចំណុះឲ្យក្រុមហ៊ុនរ៉ូយ៉ាលគ្រុប ដែលយឺតយ៉ាវនោះបណ្តាលមកពីមូលហេតុអ្វីឡើយ ។ មកពីក្រុមហ៊ុនខាងលើ (រ៉ូយ៉ាល់គ្រុប)ឬមួយក៏មន្ត្រីនៅក្រុមហ៊ុន ថូល ធ្វើឲ្យយឺតយ៉ាវនោះទេ ។ ជួនកាលក្រុមហ៊ុនបានទម្លាក់លុយមកហើយ ប៉ុន្តែមន្ត្រីមួយចំនួនធ្វើឲ្យមានបញ្ហា ។ ក្រុមកម្មកររថភ្លើងនិយាយថា ករណីយឺតយ៉ាវគួរតែមានការដោះស្រាយឲ្យបានឆាប់រហ័ស ពីព្រោះបុគ្គលិកកម្មករពួកគេធ្វើការមួយខែ ដើម្បីរស់មួយខែ ៕