ប៉ោយប៉ែត៖ ជាការពិតណាស់ថា បទល្មើសសេដ្ឋកិច្ចនៅតាមបន្ទាត់ព្រំដែនកម្ពុជា- ថៃ គេសង្កេតឃើញថា កំពុងតែកើតមានពេញបន្ទុក ក្នុងការនាំចូលម៉ូតូគ្រប់ស៊េរី និងរថយន្តស៊េរីទំនើបគ្រប់ប្រភេទ ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ត្រូវបានគេរាយការណ៍ថា ម៉ូតូស៊េរីទំនើបម៉ាក PCX ជាច្រើនគ្រឿង ត្រូវក្រុមឈ្មួញនាំចូលឆ្លងដែនជិះចេញពីចំណុចភូមិដំណាក់កកោះ ក្នុងស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អ្វីដែលជាក់ស្ដែងជាងនេះ គេឃើញនៅក្នុងព្រៃព្រំដែន មានស្លាក់លេខ និងឯកសារម៉ូតូផងដែរ ។
ប្រភពសមត្ថកិច្ចបង្ហើបថា ម៉ូតូដែលក្រុមអ្នកជិះឆ្លងដែនមកកម្ពុជានោះជារបស់លោកឈឹម ចន្ថា មេឈ្មួញយ៉ាងសកម្មក្នុងការនាំម៉ូតូឆ្លងដែន ដោយមុនយកឆ្លងដែន ត្រូវគេរាយការថា មានមនុស្សជំនិតរបស់លោក ឈឹម ចន្ថា ឈ្មោះហៅក្រៅ ត្រប់ តែងតែជិះម៉ូតូត្រៃ មើលផ្លូវ មុនពេលឲ្យក្រុមអ្នកជិះម៉ូតូឆ្លងដែនរបស់លោក ឈឹម ចន្ទថា ជាទាហានភូមិភាគ ។
ប្រភពបញ្ជាក់ថា ពួកគាត់គ្មានតួនាទីចាប់នោះឡើយ ព្រោះខ្លាចអស់បុណ្យសក្តិ ព្រោះថា ម៉ូតូទាំងនោះ មានជាប់ពាក់ពន្ឋទៅនឹងអ្នកធំថ្នាក់ផ្កាយ នៅក្នុងខេត្តទៀតផង មិនតែប៉ុណ្ណោះម៉ូតូ ដែលគេជិះពីព្រំដែនយកទៅឲ្យកូនផ្កាយ១ និងផ្កាយ២ជាអ្នកចែកចាយ ។
ពួកគាត់បន្ថែមថា ចំណូលពន្ធរដ្ឋ ដែលក្រុមផ្កាយរកស៊ីម៉ូតូ និងរថយន្តនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវខាត់បង់រាប់សែនដុល្លារក្មុងមួយខែៗ មិនតែប៉ុណ្ណោះ មន្ត្រីថ្នាក់ធំពាក់ផ្កាយ រកស៊ីបទល្មើសក្នុងខេត្តបន្ទាយមានជ័យ មានច្រើនរួប ដូច្នេះសមត្ថកិច្ចតូចតាចមិនហ៊ានបង្ក្រាប បានត្រឹមតែមើលប៉ុណ្ណោះ ព្រោះខ្លាចអស់បុណ្យអស់ស័ក្តិ ។
ដូច្នេះបទល្មើសេដ្ឋកិច្ចនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ត្រូវគេរាយការណ៍ថា អ្នកមានអំណាច និងពាក់ផ្កាយ កំពុងតែសកម្មរកស៊ីបទល្មើសឆ្លងដែន ដែលក្បត់តួនាទី និងក្បត់អនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ដែលដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំខេត្ត ទប់ស្កាត់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងរាល់បទល្មើសឆ្លងដែន តែបើមន្ត្រី និងសមត្ថកិច្ចមួយចំនួនខ្លួនពាក់ផ្កាយរកស៊ីបទល្មើសឆ្លងដែន តើកូនចៅក្រោមឱវាទគោរពប្រណិប័តន៍តាមដែរ ឬយ៉ាងណា? មិនតែប៉ុណ្ណោះ បន្សល់កេរ្ត៍ឈ្មោះ ទុកឲ្យកូនចៅស្អុយរលួយទៀតផង ។
ជុំវិញការចោទខាងលើលោក ឈឹម ចន្ថា ជាឈ្មួញរកស៊ីម៉ូតូ មិនអាចសុំការបំភ្លឺបានឡើយ ព្រោះទូរស័ព្ទចូលច្រើនដងតែជាប់រវល់ជានិច្ច ៕ វណ្ណា