ព័ត៌មានទាន់ហេតុការណ៍៖

ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ​នឹងត្រូវហែចេញពីព្រលានយន្តហោះខេត្តសៀមរាប ​ទៅកាន់បណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប​ មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប​ ទីដែលត្រូវតម្កល់ធាតុរបស់លោក

ចែករំលែក៖

ខេត្តសៀមរាប៖ ធាតុ(ឆ្អឹង) លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ​(​Beat Richner) បុរសដែលបានបូជាកម្លាំងកាយចិត្តពាក់កណ្តាលជីវិតចុងក្រោយដើម្បីកុមារកម្ពុជានោះ​ នឹងត្រូវដឹកពីប្រទេសស្វីស​ដីកំណើតខ្លួន​ មកដល់ខេត្តសៀមរាប​ នៅព្រឹកថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៨ ។

ធាតុរបស់លោកវេជ្ជបណ្ឌិតនឹងដឹកមកដល់ព្រលានយន្តហោះខេត្តសៀមរាប​ នៅវេលាម៉ោងប្រមាណ​ ៨ព្រឹក​ ដោយមានការសូត្រមន្ត អន្ទង ដួងវិញ្ញាណក្ខន្ធ ពីសំណាក់ព្រះសង្ឃ ប្រមាណ​ ៧០០អង្គ ។ ធាតុរបស់លោកនឹងត្រូវហែចេញពីព្រលានទៅកាន់បណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប​ មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប​ ទីដែលត្រូវតម្កល់ធាតុរបស់លោក ។

ពិធីដង្ហែនឹងមានការបើកផ្លូវដោយរថយន្ត សឺរ៉ែន របស់មន្ត្រីនគរបាល​ និងមានការហែអមដោយផ្ទាល់ពីសំណាក់សម្តេចចៅហ្វាវាំង​ គង់​ សំអុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង​ ព្រមទាំងមានការលេងភ្លេងពិណពាទ្យអមផងដែរ ។

បើតាមការបញ្ជាក់របស់លោក ដេនីស ឡូរ៉ង់ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ សម្តេចវររាជមាតាជាតិខ្មែរ នឹងយាងប្រទានភួងផ្កា និងគ្រឿងសក្ការៈបូជានៅទីចេតិយ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នៅកន្លែងតម្កល់ធាតុផងដែរ ។

លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ កើតនៅឆ្នាំ១៩៤៧ នៅប្រទេសស្វីស បានទទួលមរណភាពមានជន្មាយុ ៧១ឆ្នាំ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងប្រទេសស្វីស ។ មរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ នឹកស្តាយស្រណោះអាឡោះអាល័យយ៉ាងខ្លាំងចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌ របស់លោកផងដែរ ។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា ។

ក្នុងនាមជាបុគ្គលិកកាកបាទក្រហមស្វីស លោក Richner ត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ដើម្បីសង្គ្រោះអ្នកជំងឺ ពេលកំពុងរងគ្រោះដោយភ្លើងសង្គ្រាមនាអំឡុងឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥ ។ លោក Richner បានវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីក្រោយពេលភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់នាអំឡុងឆ្នាំ១៩៩១ ។

ការវិលត្រឡប់ជាមួយនឹងការឃើញនូវភាពខ្ទេចខ្ទាំរបស់កម្ពុជា ដោយសារតែភ្លើងសង្គ្រាម និងឃើញពីការខ្វះខាតកន្លែងសម្រាប់ព្យាបាលជំងឺកុមារផងនោះ លោក Richner បានសុំឱ្យបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដោយរដ្ឋាភិបាលកម្ពុជា ។ ការបង្កើតមូលនិធិគន្ធបុប្ផានៅខែមីនា ឆ្នាំ១៩៩២ បានលេចចេញជារូបរាង ដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញ ហើយគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា១៩៩២ ។

ដើម្បីជួយសង្គ្រោះជីវិតរបស់កុមារកម្ពុជា តាមរយៈការព្យាបាលដោយមិនគិតថ្លៃនោះ លោក Richner បានប្រឹងប្រែងស្វែងរក និងកៀរគរថវិកាពីគ្រប់ទីកន្លែង ជាពិសេសពលរដ្ឋប្រទេសស្វីស តាមការលេងសេឡូរបស់លោក ដើម្បីមកទ្រទ្រង់ការចំណាយប្រាក់ខែគ្រូពេទ្យ និងគ្រឿងបរិក្ខាផ្សេងៗ ។ ដោយមើលឃើញ ពីតម្រូវការសេវាព្យាបាលរបស់កុមារកម្ពុជាកាន់តែច្រើនឡើងនោះ លោក Richner បានស្វះស្វែងគ្រប់លទ្ធភាព ដើម្បីសាងសង់មន្ទីរពេទ្យជាបន្តបន្ទាប់ ។ បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា ដែលជាកន្លែងផ្តល់ជីវិតទីពីរដល់កុមារកម្ពុជា មានចំនួន៥កន្លែង ។ ៤កន្លែងស្ថិតក្នុងរាជធានីភ្នំពេញ និងមួយកន្លែងស្ថិតនៅក្នុងខេត្តសៀមរាប ។

គិតមកដល់ឆ្នាំ២០១៨ មន្ទីរពេទ្យគន្ធបុប្ផាមានអាយុកាលជាង ២៥ឆ្នាំមកហើយ ។ រយៈពេលជាង២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុបជិត ១៨លានករណីហើយ ។ រយៈពេលជាង ​២៥ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង ៦០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ដំណើរការរបស់ខ្លួន ។ ថវិកាសម្រាប់ទ្រទ្រង់ដំណើរការមន្ទីរពេទ្យមួយនេះប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និង ៨.៨% ជាការចូលរួមរបស់រដ្ឋាភិបាលស្វីស (រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ) ក្រៅពីនោះជាការចូលរួមរបស់សប្បុរសជនក្នុង និងក្រៅស្រុក ។

មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥សាខា មានបុគ្គលិកសរុប ២,៣៤៥នាក់ ដែលក្នុងនោះ ១,៧៤៩នាក់ ជាបុគ្គលិកជំនាញសុខាភិបាល ហើយ ១,២៤២នាក់ មានក្របខណ្ឌជាមន្ត្រីរាជការ ។ ក្នុងរយៈពេលប្រមាណ ៣ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាសរុបជាង ២៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ ក្នុងនោះចំណាយសម្រាប់បុគ្គលិកជិត ២៣លានដុល្លារ ចំណាយទិញឱសថ និងសម្ភារៈបរិក្ខាពេទ្យជាង ១៤លានដុល្លារ និងចំណាយសម្រាប់ប្រតិបត្តិការទូទៅប្រមាណជា ២លានដុល្លារអាមេរិក៕ ប៊ុនរិទ្ធី


ចែករំលែក៖